បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណា ឬកូវីដ១៩ នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅលើពិភពលោកទាំងមូល មានអ្នកឆ្លងកើនឡើង ដល់ ៣ ៤០០ ៦០៧នាក់ ក្នុងនោះជាសះស្បើយ ១ ០៨១ ៥៨៨ នាក់ និងស្លាប់ ២៣៩ ៥៨៦នាក់។
អាមេរិក ក្លាយជាប្រទេស មានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើង ១ ១៣១ ២៨០ ក្នុងនោះជាសះស្បើយ ១៦១ ៥៦៣ និងស្លាប់ ៦៥ ៧៦៦នាក់។ រីឯប្រទេសរងគ្រោះបន្ទាប់ពីអាមេរិក គឺអេស្ប៉ាញ មានអ្នកឆ្លង ២៤២ ៩៨៨នាក់ ក្នុងនោះស្លាប់ ២៤ ៨២៤នាក់ និងជាសះស្បើយ ១៤២ ៤៥០។ ចំណែកអ៊ីតាលី មានអ្នកឆ្លង ២០៧ ៤២៨ នាក់ ក្នុងនោះស្លាប់ ២៨ ២៣៦ និងជាសះស្បើយ ៧៨ ២៤៩នាក់។
ដោយសារតែនៅលើទឹកដីអាមេរិក មានចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោកបែបនេះ ទើបធ្វើឲ្យមេដឹកនាំអាមេរិកខឹងសម្បាយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលចិន។
រហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្ដចោទប្រកាន់ទៅលើប្រទេសចិន ថា ចិនមានចេតនាលាក់បាំងវីរុស ទើបបង្កឲ្យមានការរាតត្បាតពីកូវីដ១៩ពាសពេញពិភពលោកបែបនេះ។ មេរោគកូវីដនេះ គឺបានបែកធ្លាយចេញពីមន្ទីរពិសោធន៍ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។ ប្រធានធិបតីអាមេរិក នឹងសងសឹកទៅលើចិន ដោយការដំឡើងពន្ធលើមុខទំនិញនាំពីចិន។
ដោយឡែកប្រទេសចិនវិញ បានច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិក ដោយចាត់ទុកថា អាមេរិកយករឿងមេរោគ មកទម្លាក់កំហុសលើចិន។ ប៉ុន្ដែកន្លងមក អង្គការសុខភាព ពិភពលោក (WHO) ក៏បានអំពាវនាវកុំឲ្យយកមេរោគ មកធ្វើជារឿងនយោបាយ ចោទប្រកាន់គ្នា៕ ប្រែសម្រួលដោយ Nuon