មណ្ឌលគិរី៖ សត្វដំរីអាស៊ីមួយហ្វូងត្រូវបានក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF ប្រទះឃើញ នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២០នេះ នៅក្នុងខេត្តមណ្ឌលគិរី។
បើតាមផេកផ្លូវការរបស់អង្គការ WWF បានឱ្យដឹងថា នៅក្នុងចំណោមហ្វូងសត្វដំរីអាស៊ីនេះ មានដំរីពេញវ័យប្រមាណជាចំនួន ៥ក្បាល កូនដំរី ចំនួន ៤ក្បាល និងដំរីវ័យជំទង់ប្រមាណជាចំនួន ៤ក្បាលផងដែរ។ ជាមួយគ្នានេះ តាមរយៈវីដេអូដែលក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF ថតបាន សង្កេតឃើញដែរថា កូនដំរីបានផ្តុំគ្នានៅជិតមេរបស់ពួកគេ ខ្លះទំពាអៀង ខ្លះទៀត យោលប្រមោយលេងជាមួយមេរបស់ខ្លួន ខណៈពូជដំរីអាស៊ីមួយហ្វូងនេះ កំពុងតែសម្រាកជុំគ្នានៅក្នុងទីជម្រកព្រៃល្បោះមួយនេះយ៉ាងសុខសាន្ត។
តាមរយៈវីដេអូខ្លីដែលថតដោយសមាជិកក្រុមស្រាវជ្រាវ ពីលើដើមឈើមួយដែលជាទីខ្ពស់សុវត្ថិភាព ជាភស្តុតាងមួយដែលបង្ហាញអំពីវត្តមាននៃពូជដំរីអាស៊ីនៅក្នុងតំបន់ព្រៃការពារ និងលទ្ធភាពបង្កកំណើតរបស់ពួកវា ដែលជាសញ្ញាវិជ្ជមានសម្រាប់ការអភិរក្ស៕ ដោយ៖ តារា