ភ្នំពេញ៖ កម្ពុជាមិនមានករណីឆ្លងកូវីដ១៩ ថ្មី ប៉ុន្តែមានអ្នកព្យាបាលជាសះស្បើយថ្មីម្នាក់ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០កាលពីម្សិលមិញនេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។
បើគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១២០នាក់ហើយ ស្មើរនឹង ៩៨,៣៦ភាគរយធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩។ ដោយក្នុងនោះ ជនជាតិចិនមាន ៣នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៤០នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១៣នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរ ៤៩នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ២ នាក់ទៀតប៉ុណ្ណោះ ដោយកំពុងដាក់ព្យាបាលនៅមន្ទីពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។
អ្នកជាសះស្បើយថ្មីម្នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ ៥៨ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យហើយ។
សូមរម្លឹកឱ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ១២០នាក់ ដោយគ្មានករណីស្លាប់នៅឡើយនោះទេ៕ ដោយ៖ តារា