នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះនគរបាលស្រុកព្រៃនប់ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីសម្លាប់មិត្តភក្តិប្លន់យកម៉ូតូ ទៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងផ្តន្ទាទោសតាមផ្លូវច្បាប់។
ជនសង្ស័យមានឈ្មោះ ចាន់ លីឈាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករជ្រៀកឈើ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកជនរងគ្រោះមានឈ្មោះ ថាត ភារៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ឡើងវិញថា ជនសង្ស័យបានល្បួងជនរងគ្រោះតាមទូរសព្ទ ហៅទៅសេពគ្រឿងញៀនជាមួយគ្នា រួចក៏យកដុំថ្មវាយក្បាលសម្លាប់ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រហូតដល់រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ទើប្រទះឃើញសាកសពនៅក្នុងព្រៃជើងភ្នំថ្មដា ហើយក្រោយការស្រាវជ្រាវប្រមាណជិត ២០ម៉ោង នគរបាលបំបែកសំណុំរឿងបាន និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៕ ដោយ ៖ សុង យូ