និស្សិតគ្រប់រូបតែងតែប្រាថ្នាចង់បានការងារល្អ ដែលជាប់លាប់ ហើយត្រូវនឹងជំនាញដែលខ្លួនកំពុងសិក្សានៅឯសកលវិទ្យាល័យ។ ប៉ុន្តែភាគច្រើនពួកគាត់មិនទាន់ដឹងច្បាស់ ថាតើត្រូវធ្វើដូចម្តេចដើម្បីអោយខ្លួនឯងក្លាយជាធនធានមនុស្សមួយរូបប្រកបដោយសក្តានុពល ហើយអាចមានសម្ថភាពគ្រប់គ្រាន់ក្នុងការទទួលបានឱកាសការងារតាមក្តីស្រម៉ៃរបស់ខ្លួននៅឡើយទេ។ តាមរយ:អត្ថបទខាងក្រោមនេះសិស្ស និស្សិតនឹងទទួលបានចំណុចសំខាន់៣យ៉ាងដែលអាចជួយអភិវឌ្ឍខ្លនឹងត្រៀមខ្លួនដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារនៅថ្ងៃអនាគត
១.ធ្វើការងារស្ម័គ្រចិត្ត :
ដំបូងសិស្ស និស្សិតគប្បីតែធ្វើការស្ម័គ្រចិត្ត មិនថាអាណត្តិភាពនៃការងារស្ម័គ្រចិត្តនោះមានរយៈពេលវែងឬខ្លី ការងារនោះសាមញ្ញឬពិបាកយ៉ាងណានោះទេ តែអ្វីដែលសំខាន់នោះគឺបទពិសោធន៍ដែលអ្នកនឹងទទួលបានពីការងារស្ម័គ្រចិត្ត ព្រោះថា វាបានផ្តល់តម្លៃនិងសារ:ប្រយោជន៍សម្រាប់សិស្សនិស្សិតជាច្រើនដូចជា ទទួលបាននូវអ្វីដែលថ្មីៗ ការជួបមនុស្សក្នុងវិស័យផ្សេងៗ ការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។ល។ លើសពីនេះទៅទៀត អ្នកទាំងអស់គ្នានឹងបានយល់ដឹងពីជំនាញទន់ ដែលធ្វើអោយអ្នកចេះប្រាស្រ័យទាក់ទងគ្នា យល់ពីការបញ្ចេញមតិក្នុងក្រុម ដឹងពីរបៀបក្នុងការនិយាយជាសាធារណៈ មានភាពជាអ្នកដឹកនាំ ហើយប្រកាន់ភ្ជាប់ភាពទទួលខុសត្រូវផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ សិស្ស និស្សិតក៏បានចូលរួមចំណែកក្នុងការជួយសង្គមតាមសកម្មភាពនានាដូចជាការណែនាំស្តីពីការឈប់ចោលសំរាមតាមទីសាធារណៈ ការចែកម្ហូបអាហារជូនដល់មនុស្សចាស់ជរា ការជួយលាបថ្នាំពណ៌ អាស្រ័យទៅតាមការរៀបចំគំរោងរបស់អង្គភាពដែលបានស័្មគ្រចិត្ត។ ការស្ម័គ្រចិត្តនេះ ក៏បានបង្រៀនសិស្សនិសិត្សពីបរិបទសង្គមឲ្យច្បាស់លាល់ថា តើសង្គម ប្រទេសជាតិយើងឈានដល់ណា តើសង្គមនៅមានកង្វះខាតនិងតម្រូវការអ្វីខ្លះ តើយើងគួរជ្រើសរើសការងារបែបណាដែលសមស្របជាមួយជំនាញនិងតម្រូវការបច្ចុប្បន្នភាពនៃទីផ្សារក្នុងសង្គម។ ទោះបីជាមិនទទួលបានប្រាក់កម្រៃ ប៉ុន្តែវាមានតម្លៃយ៉ាងក្រៃលែងសម្រាប់យុវជន ព្រោះវាជាជំហានដំបូងនៅក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង ព្រមទាំងសង្គម។
២.ហាត់ការ :
ការហាត់ការប្រៀបបីដូចជាអនុវត្តន៏ សិក្សាផ្ទាល់នៅក្នុងក្រុមហ៊ុន ស្ថាប័ន អង្គការ ឬស្ថានទូត ជាមួយនឹងរៀមច្បង ឬប្រធានដោយពួកគាត់បានជួយណែនាំ បង្ហាត់បង្រៀនការងារជាក់ស្តែង ដោយធ្វើឲ្យនិស្សិតទទួលបានបទពិសោធន៏ទាក់ទងនឹងការងារល្អៗឲ្យកាន់តែស៊ីជម្រៅ។ តំណែងជាអ្នកហាត់ការ ផ្តោតសំខាន់ទៅលើតួនាទី ក្នុងផ្នែកផ្សេងៗដែលពួកគាត់បានដាក់ពាក្យស្នើសុំការងារដូចជាផ្នែកធនធានមនុស្ស ផ្នែកហរិញ្ញវត្ថុ ព័ត៌មានវិទ្យា កិច្ចការសាធារណៈ ការគ្រប់គ្រងកម្មវិធី ការទិញសំភារៈបរិក្ខា ព្រមទាំងផ្នែកផ្សេងៗទៀតជាច្រើន។ ត្បិតតែការងារនេះទទួលបានប្រាក់កម្រៃមិនច្រើន ប៉ុន្តែវាបានផ្តល់មកវិញនូវបទពិសោធន៏ការងារដូចជាអ្នកអាជីប ហើយសិស្ស និស្សិតនឹងអាចមានឪកាសទទួលបានការងារខ្ពស់ ដោយហេតុថា លក្ខខណ្ឌ័ជ្រើសរើសបុគ្គលិកក្នុង ក្រុមហ៊ុន ស្ថាប័ន ឬអង្គការភាគច្រើនតែងតែតម្រូវអោយមានបទពិសោធន៍ការងារ ដូចនេះអ្នកហាត់ការតែងមានអាទិភាពជាងអ្នកដែលគ្មានបទពិសោធន៍។ ឬនឹងមានឪកាសក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុន ស្ថាប័នឬអង្គការដែលខ្លួនកំពុងហាត់ការប្រសិនបើពួកគេមានសមត្ថភាពការងារខ្ពស់។
៣.ធ្វើការក្រៅម៉ោង ឬពេញម៉ោង :
ទោះបីនិស្សិតរៀនមួយឬពីរសកលវិទ្យាល័យយ៉ាងណាក៏ដោយ គួរគប្បីឆ្លៀតពេលវេលាធ្វើការ មិនថាពេញម៉ោង ឬក្រៅម៉ោងឡើយ ដើម្បីដឹងពីតម្រូវការទីផ្សារការងារ វាស់វែងសមត្ថភាពខ្លួនឯងថាឈានដល់កម្រិតណា។ ហើយការជ្រើសរើសប្រភេទការងារនេះក៏សំខាន់ដែរ គប្បីគួរជ្រើសរើសការងារដែលទាក់ទងនឹងជំនាញដែលរៀននៅឯសកលវិទ្យាល័យ ដើម្បីមានភាពងាយស្រូលនៅក្នុងការបំពេញការងារ។ ការចាប់ផ្តើមការងារនេះ វានឹងជួយលត់ដំបុគ្គលនីមួយៗអោយមានទាំងជំនាញរឹង និងជំនាញទន់។ ជំនាញរឹង គឺសំដៅទៅលើជំនាញដែលមានលក្ខណៈជាឯកទេស ឬជាលក្ខណៈបច្ចេកទេស ដូចជាជំនាញកំព្យូទ័រ ភាសា ជំនាញទីផ្សារ ច្បាប់ សេដ្ឋកិច្ច ហរិញ្ញវត្ថុ ។ល។ រីឯជំនាញទន់គឺជាជំនាញដែលទាក់ទងនឹងការទំនាក់ទំនង ការបង្កើតបណ្តាញ និងការចរចាសម្របសម្រួលផ្សេងៗ។ការធ្វើការក្រៅម៉ោងឬពេញម៉ោងនិងអាចអោយសិស្ស និស្សិតយល់ដឹងពីចំណុចខ្លាំងចំនុចខ្សោយ ដែលអាចអោយពួកគាត់មានលទ្ធភាពទទួលបានមុខតំណែងការងារកាន់តែល្អនៅថ្ងៃអនាគត។
ចំណុចដែលបានរៀបរាប់ខាងលើសុទ្ឋសឹងតែជាចំណុចសំខាន់ដែលយុវជន និស្សិតគប្បីមិនគួរមើលរំលង ហើយជាជំហានដែលសិស្ស និស្សិតគួរផ្តើម ដើម្បីពង្រឹងនូវអ្វីដែលខ្លួនមាន បំពេញនូវចំណុចដែលខ្វះខាត សំរាប់ទទួលបានឪកាសក្នុងការទទួលបានការងារល្អប្រសើរនាពេលអនាគត។
អត្ថបទដោយសមាជិក Project Inspire: ពុំ អ៊ីលែន