ភ្នំពេញ៖ ជាច្រើនឆ្នាំមកនេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានធ្វើកិច្ចការងារជាច្រើន ដែលនាំមកនូវប្រយោជន៍សម្រាប់ជាតិ ជាពិសេសគឺបានបង្ហាញសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់អាស៊ាន និងពិភពលោក។ នេះបើតាមការឲ្យដឹងពីលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។
ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ TNAOT APP លោកស្រី ឆាយ ស៊ីវលីន បានបា្រប់ថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បង្កើតឡើងតាំងពីឆ្នាំ១៩៩១ ដើម្បីជួយដល់ការីទេសចរទាំងអស់ ដែលបានរកទទួលទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សមាគមដើរតួនាទីយ៉ាងសំខាន់ ក្នុងការចលនាទៅដល់ការីទេសចរ ក៏ដូចជា អ្នកពាំនាំនូវព័ត៌មានអំពីក្រសួងទេសចរណ៍ ច្បាប់វិន័យទាំងអស់ មកដល់អ្នករកទទួលទាន បញ្ជ្រាបខ្លួនចូលទៅដល់ សមាគមទេសចរណ៍អាស៊ាន សហព័ន្ធទេសចរណ៍អាស៊ាន និងពិភពលោក។
លោកស្រីប្រធាន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បន្ថែមថា សមាគមក៏បានពាំនាំនូវកិត្យានុភាពរបស់កម្ពុជាទៅដល់ប្រទេសអាស៊ាន ក៏ដូចជាប្រឡូកខ្លួន បានក្លាយទៅជាអនុប្រធានរបស់សហព័ន្ធទេសចរណ៍អាស៊ាន ហើយក៏ជាប្រធាននៃគណៈកម្មការ ដាក់ពិន្ទុទៅលើពានរង្វាន់ទេសចរណ៍អាស៊ានផងដែរ។ ទាំងអស់នេះហើយដែលសមាគមទីភ្នាក់ងារទេសចរណ៍ បានពាំនាំនូវប្រយោជន៍មកដល់ជាតិ។
លោកស្រី ឆាយ ស៊ីវលីនបន្ថែមថា ការនាំប្រយោជន៍ជូនជាតិនោះគឺ បានបង្ហាញទៅលើឆាកអាស៊ានថា កម្ពុជាយើងមានអ្វីខ្លះ យើងបានអភិវឌ្ឍន៍អ្វីខ្លះ ដោយក្នុងនោះ យើងបាននាំផលប្រយោជន៍ អំពីអាស៊ានមកឲ្យសមាជិកយើងដែលជាប្រតិបត្តិករទេសចរណ៍នៅប្រទេសកម្ពុជា តាមរយៈការផ្គូផ្គងដៃគូជាមួយប្រតិបត្តិករទេសចរណ៍នៅក្នុងអាស៊ាន ក៏ដូចជាអាស៊ានបូក ដើម្បីឲ្យប្រតិបត្តិករទេសចរណ៍យើង មានឳកាសបានជួប ទៅដល់ប្រតបត្តិករក្រៅប្រទេស បើទោះជាពួកគាត់មិនបានចេញទៅក្រៅប្រទេសក៏ដោយ។
មួយវិញទៀត សមាគមទីភ្នាក់ងារទេសចរណ៍ ក៏ធ្លាប់បានបង្កើតជាពិព័រណ៌ទេសចរណ៍ក្នុងស្រុកផងដែរ ដើម្បីបង្ហាញទៅដល់ ពលរដ្ឋកម្ពុជា ក៏ដូចជា ប្រតិបត្តិករទេសចរណ៍ក្រៅប្រទេស ឲ្យបានឃើញអ្វីដែលជាសក្តានុពលទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានផ្តល់ឳកាសទៅដល់សហគមន៍ទេសចរណ៍បានមកបង្ហាញខ្លួនថា ខ្លួននៅតាមមន្ទីរខេត្តក្រុង ទាំង២៥ខេត្តក្រុងគាត់មានអ្វីខ្លះ ជាសក្តានុពលនៅក្នុងខេត្តក្រុង។ ហេតុនេះពួកគាត់មិនមានឳកាសចេញទៅក្រៅប្រទេស យើងធ្វើពិព័រណ៌ទាំងអស់នោះ គាត់អាចមកបង្ហាញបាន។
ក្រៅពីនេះ លោកស្រីប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បញ្ជាក់ថាក្រសួងទេសចរណ៍ទៅដល់ទីណា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាតែងតែអមទៅជាមួយ ដើម្បីបង្ហាញអំពីសក្តានុពល នៃប្រតិបត្តិករទេសចរណ៍ ហេតុនេះ យើងរឹងមាំជាមួយគ្នា។
បើតាមលោកស្រី ឆាយ ស៊ីវលីន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានអភិវឌ្ឍន៍នូវតំបន់ទេសចរណ៍ មានភាពច្នៃប្រឌិតខ្ពស់នៃការតាក់តែងនូវខ្សែទស្សនៈកិច្ច ដើរតួនាទីជាអ្នកផ្សព្វផ្សាយ ជាអ្នកទទួលនូវទស្សនៈកិច្ចសិក្សាអំពីក្រៅប្រទេស គឺជាសមាគមជាតិតែមួយ ដែលអាចអញ្ជើញពួកគាត់ពីពិភពលោកមកបាន៕ ដោយ៖ ប៊ុនធឿន