ម៉ាឡេស៊ី៖ សិស្ស-និស្សិត និងពលករខ្មែរទាំងអស់ ដែលមានបំណងចាកចេញពីប្រទេសម៉ាឡេស៊ី ត្រឡប់មកកាន់កម្ពុជាវិញក្នុងអំឡុងពេលនេះ ត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួន។ នេះបើយោងតាមសេចក្ដីជូនដំណឹងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី នាថ្ងៃទី១ ខែឧសាភា ឆ្នាំ២០២០នេះ។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា ប្រសិនបើបងប្អូនខ្មែរចង់ត្រឡប់មកកម្ពុជាវិញ ត្រូវភ្ជាប់មកជាមួយឯកសារមួយចំនួនដូចខាងក្រោម៖
១៖ ថតចម្លងលិខិតឆ្លងដែន នៅត្រង់ទំព័រមានរូបថត ទំព័រពន្យសុពលភាព និងទំព័រទិដ្ឋាការ ឬ ត្រាចូលរបស់អន្តោប្រវេសន៍ម៉ាឡេស៊ី។
២៖ ថតចម្លងសំបុត្រយន្តហោះត្រឡប់ទៅកម្ពុជា។
៣៖ មុខរបរ (ឧទាហរណ៍៖ អ្នកទេសចរ អ្នកមកព្យាបាលជំងឺ ពលករ និស្សិត ឬពលរដ្ឋទូទៅ)។
៤៖ អាសយដ្ឋាន និងលេខទូរស័ព្ទនៅប្រទេសម៉ាឡេស៊ី។
៥៖ អាសយដ្ឋាន និងលេខទូរស័ព្ទនៅប្រទេសកម្ពុជា។
៦៖ លិខិតបញ្ជាក់សុខភាព (Health certificate) ចេញដោយអាជ្ញាធរម៉ាឡេស៊ី ដែលបញ្ជាក់ថា ពុំមានជំងឺកូវីដ១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជា (ចំពោះការទៅ ពិនិត្យសុខភាពត្រូវរង់ចាំការជូនដំណឹងរបស់ស្ថានទូតជាមុនសិន អំពីកាលបរិច្ឆេទជាក់លាក់ នៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី)។
ស្ថានទូតកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនខ្មែរ ដែលរស់នៅប្រទេសម៉ាឡេស៊ីទាំងអស់ ត្រូវផ្ញើព័ត៌មានខាងលើ ឱ្យបានមុនថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០៕ ដោយ៖ តារា