អ៊ីរ៉ង់និងវេណេហ្ស៊ុយអេឡា កំពុងប្រឈមនឹងវិបត្តិយ៉ាងខ្លាំង ដោយសារទណ្ឌកម្មអាមេរិក និងតម្លៃប្រេងធ្លាក់ថ្លៃ
អ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ជាប្រទេសដែលរងការដាក់ទណ្ឌកម្មរបស់អាមេរិក ដូចគ្នា។ ជាមួយគ្នានេះតម្លៃប្រេងធ្លាក់ថ្លៃ ក៏ដូចជា ការវាយប្រហារ ដោយកូវីដ១៩ ធ្វើ ឲ្យប្រទេសទាំងពីរ ជួបនឹងវិបត្តិកាន់តែខ្លាំងឡើង។
រយៈពេលកន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Mahan Air មានទីតាំងនៅទីក្រុងតេអ៊ីរ៉ង់ មានជើងហោះហើរចំនួន៦ជើង ក្នុងរយៈពេល១សប្តាហ៍ ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ ជើងហោះហើរទាំងនោះ គឺដើម្បីដឹកជញ្ជូនសម្ភារ ជួសជុលរោងចក្រចម្រាញ់ប្រេងមួយកន្លែង នៅវេណេហ្សុយអេឡា។ ជាមួយគ្នានេះដែរ យន្តហោះMahan Air ក៏បានទៅកាន់អាកាសយានដ្ឋាន Caracas ដឹកមាសជាការទូទាត់សងថ្លៃសម្ភារទិញពីអ៊ីរ៉ង់ ដើម្បីជួសជុលរោងចក្រ។
សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា វេណេហ្សុយអេឡា ប្រឈមនឹងកង្វះប្រាក់ជាច្រើន ដោយសារតែវិបត្តិសេដ្ឋកិច្ច និងតម្លៃប្រែងធ្លាក់ថ្លៃខ្លាំង រហូតបង្ខំឲ្យប្រទេសនេះ យកមាសដែលរក្សាទុកក្នុងឃ្លាំងទៅទូទាត់សងដល់អ៊ីរ៉ង់ ដើម្បីជាការខិតខំដំណើរការវិស័យឧស្សាហកម្មប្រេងឡើងវិញ។
យន្តហោះខាងលើ បានដឹកមាស៩តោនទៅឲ្យអ៊ីរ៉ង់ គិតជាទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក។ នេះជាការទូទាត់ប្រាក់ដល់អ៊ីរ៉ង់ ដែលបានជួយជួសជុលរោងចក្រចម្រាញ់ប្រេង នៅក្នុងប្រទេសនេះ។ បច្ចុប្បន្ន វេណេហ្ស៊ុហអេឡា មានប្រាក់ដុល្លារប្រមាណតែ ៦,៣ពាន់លានដុល្លារតែប៉ុណ្ណោះ ជាកម្រិតទាបបំផុត មិនធ្លាប់មានរយៈពេល៣ទសវត្សរ៍កន្លងមកនេះ៕ ប្រែសម្រួលដោយ៖ MEO