អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានថ្លែងក្ដីសង្ឃឹមថា បណ្តាប្រទេសជាច្រើន នៅលើពិភពលោក គួរធ្វើតាមគំរូដ៏គួរឲ្យភ្ញាក់ផ្អើលរបស់កូរ៉េខាងត្បូង ដែលទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃវីរុសកូវីដ១៩។ ក្រោយពីទទួលជោគជ័យនោះមក កូរ៉េខាងត្បូងចាប់ផ្តើមមានផែនការកាត់បន្ថយការបំភាយឧស្ម័ន បំផ្លាញធម្មជាតិបៃតង។
កូរ៉េខាងត្បូង បានប្រកាសថា មិនមានឆ្លងថ្មី សូម្បីតែមួយករណីឡើយ អំពីជំងឺកូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19) នៅក្នុងប្រទេសនេះ កាលពីថ្ងៃទី៣០ ខែមេសា ។ ប៉ុន្ដែមានតែ៤ករណីប៉ុណ្ណោះ ដែលបាននាំចូលមកពីប្រភពខាងក្រៅ ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៣០ ខែមេសា ប្រទេសនេះមានអ្នកឆ្លងកូវីដ១៩ សរុប ១០ ៧៦៥នាក់ ក្នុងនោះបាត់បង់ជីវិត ២៤៧ នាក់ និង៩ ០៥៩ នាក់បានជាសះស្បើយ។
ក្រោយពីជំងឺរាតត្បាតនេះ ហាក់មានសភាពធូរស្រាលនោះ កូរ៉េខាងត្បូងក៏បានបង្ហាញផែនការកិច្ចព្រមព្រៀងបៃតង ប្រកបដោយមហិច្ឆតាខ្ពស់ ក្នុងនោះមានរួមបញ្ចូលការឃាមឃាត់រោងចក្រដុតធ្យូងថ្មី និងការកាត់បន្ថយបំភាយឧស្ម័ន ចេញពីរោងចក្រធ្យូងថ្ម ដែលមានស្រាប់នោះផងដែរ ។
ថ្លែងនៅក្នុងសន្និសីទកាសែត លោក Guterres បានបញ្ជាក់ថា «យើងសង្ឃឹមថា គំរូរបស់សាធារណរដ្ឋកូរ៉េនេះ នឹងមានប្រទេសជាច្រើនដទៃទៀត នៅក្នុងពិភពលោក គួរតែយកតម្រាប់តាម»។ វីរុសកូវីដ១៩ នៅកូរ៉េខាងត្បូង បានថយចុះយ៉ាងខ្លាំងនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីវាបានឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃ ចាប់តាំងពីខែកុម្ភៈ រហូតដល់ខែមីនា ឆ្នាំ២០២០ ។ កូរ៉េខាងត្បូង នៅពេលនេះបានបន្ធូរបន្ថយខ្លះៗ ការរឹតត្បិត នៅក្នុងសង្គមដែលទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសនោះ ។ កូរ៉េខាងត្បូងហាក់បានគ្រប់គ្រងស្ថានការណ៍បានហើយ ស្តីអំពីវីរុសនេះ ។
លោក Guterres បានថ្លែងថា ការជាសះស្បើយពីការឆ្លងរាតត្បាត តទៅមុខទៀតតម្រូវឲ្យយើងព្រួតដៃគ្នាដោះស្រាយបញ្ហាអាកាសធាតុ ដូចដែលកូរ៉េខាងត្បូងកំពុងធ្វើនោះ ។
លោកបានអំពាវនាវដល់រដ្ឋាភិបាលទាំងឡាយឲ្យធានាថា ការចំណាយ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចប្រទេសរបស់ពួកគេបានល្អប្រសើរឡើងវិញនោះ ត្រូវតែជាការផ្តល់អាទិភាពមុនគេ ការបង្កើតការងារបៃតង និងការប្រើប្រាស់ថាមពលកាបូនទាប ៕ ប្រែសម្រួលដោយ៖ thach yat