តារាចម្រៀង ស៊ុន ស្រីពេជ្រ សម្តែងអារម្មណ៍ក្តុកក្តួល ក្រោយមិនអាចមកទាន់ដង្ហើមប្អូនប្រុស
តារាចម្រៀង ស៊ុន ស្រីពេជ្រ បានសម្តែងអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ក្រោយពេលដែលនាងមិនអាចមកទាន់ដង្ហើមប្អូនប្រុស ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៣០ ខែមេសា នេះដោយសាររោគាពាធ។ អ្នកនាងបានបង្ហោះរូបថតប្អូនប្រុសដោយភ្ជាប់ជាមួយចំណងជើងថា «ប្អូនបងអើយ បងនៅតាមផ្លូវមកមើលអូនហើយ ហេតុអ្វីមិនចាំបង ?»។
ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង ប្អូនប្រុសរបស់អ្នកនាង ស៊ុន ស្រីពេជ្រ បានលាចាកលោកនៅព្រឹកថ្ងៃទី ៣០ មេសា ដែលការបាត់បង់បង្កអោយមានការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារនិងបងប្អូនញាតិមិត្ត។ ប្អូនប្រុសរបស់ ស៊ុន ស្រីពេជ្រ មានឈ្មោះថា ស៊ុន សំណាង បានទទួលមរណភាពក្នុងអាយុ ៣២ឆ្នាំ បន្ទាប់ពីលោកបានតស៊ូជម្នះនូវជំងឺខូចខួរឆ្អឹងខ្នង អស់រយៈពេលជាយូរមកហើយ នឹងត្រូវចំណាយថវិការយ៉ាងច្រើនក្នុងការព្យាបាល។
អ្នកនាង ស៊ុន ស្រីពេជ្រ បានអោយដឹងថា សពប្អូនប្រុសរបស់នាង នឹងតម្កល់ទុកធ្វើបុណ្យនៅវត្តសំរោងអណ្តែត រាជធានីភ្នំពេញ នឹងសូមជូនដំណឹងដល់មិត្តសិល្បៈ និងបងប្អូនញាតិមិត្តដែលស្គាល់នាងទាំងអស់ឲ្យចូលរួមពិធីបុណ្យសពរបស់ប្អូនប្រុសនាងផងដែរ៕