ឧទ្ធម្ភាគចក្ររបស់កងកម្លាំងយោធាអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការវាយប្រហារ ចូលលើទឹកដី ភាគខាងត្បូង ប្រទេសស៊ីរី ។
ប្រព័ន្ធផ្សព្វផ្សាយស៊ីរី បានផ្សាយដូច្នេះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលសារព័ត៌មានស៊ីរី បានពិពណ៌នាថា «ជាការឈ្លានពានរបស់អ៊ីស្រាអែល ចូលមកលើដែនអាកាសលីបង់» ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច៣នាក់ ។
ឧទ្ទម្ភាគចក្រអ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ពីជ្រោយគ្រប់គ្រង Golan Heights ដោយគោលដៅទៅភាគខាងត្បូងស៊ីរី ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន SANA។ប្រភពបន្ដថា ការវាយប្រហារនេះ ធ្វើឲ្យខូចខាតមានកម្រិតតិចតួច តែមិនបណ្តាលឲ្យជនណាម្នាក់បាត់បង់ជីវិត ។
ប្រភពដោយឡែកមួយផ្សេងទៀត បានផ្សាយថា គេបានឮសំឡេងផ្ទុះ នៅទីក្រុង Al Quneitra និងនៅទីក្រុង Daraa ភាគខាងត្បូងស៊ីរី ទីដែលក្រុមជីវពលលីបង់ហេបូឡា និងកងកម្លាំងឃឺដអ៊ីរ៉ង់ មានមូលដ្ឋាននៅទីនោះ ។
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ប្រភព SANA បានផ្សាយថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបានវាយស្ទាក់ចាប់បានមីស៊ីលជាច្រើនគ្រាប់ ដែលបានបាញ់ប្រហារដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF)។
ទីក្រុងដាម៉ាកាស បានចោទប្រកាន់អ៊ីស្រាអែល ជាច្រើនលើកច្រើនសា ពីការវាយប្រហារឆ្មក់តាមដែនអាកាសដ៏ងងើលខុសច្បាប់ទៅលើទឹកដីសាធារណរដ្ឋអារ៉ាប់មួយនេះ ។ ស៊ីរីបានអំពាវនាវដល់សហគមន៍អន្តរជាតិ មេត្តាដាក់គំនាបទៅលើទីក្រុងតែលអាវីវ ពាក់ព័ន្ធអំពើទាំងនោះផង ។ អ៊ីស្រាអែលប្រកាសទទួលស្គាល់ការវាយប្រហារតិចតួចប៉ុណ្ណោះ ក្នុងចំណោមការវាយប្រហារតាមដែនអាកាសទាំងនោះ ៕ ប្រែសម្រួលដោយ៖ thach yat