យោងតាមសារព័ត៌មានរុស្ស៊ី RT បានផ្សាយនៅថ្ងៃទី៣០ ខែមេសា ថា ក្រសួងការងារអាមេរិក គ្រោងនឹងចេញតួលេខពីការអត់ការងារធ្វើប្រចាំសប្តាហ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ខណ: អ្នកវិភាគសេដ្ឋកិច្ច អះអាងថា ពលរដ្ឋអាមេរិក ចំនួន៣,៥លាននាក់ បានដាក់ពាក្យសុំអត្ថប្រយោជន៍ពីការគ្មានការងារធ្វើ ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី២៥ ខែមេសា។
ចំនួននេះនឹងបន្ថែមទៅលើចំនួនអត់ការងារធ្វើ ចំនួន៤,៤២៧លាន កាលពីសប្ដាហ៍មុន នាំឲ្យចំនួនការអត់ការងារធ្វើកើនឡើង សរុបយ៉ាងតិច៣០លាននាក់ ដោយគិតត្រឹមអំឡុងពេល នៃការបិទប្រទេស ក្នុងរយ:ពេល៦សប្ដាហ៍ ដោយសារការផ្ទុះរាតត្បាត នៃវីរុសកូរ៉ូណា។
ក្រុមសេដ្ឋវិទូបានប៉ាន់ប្រមាណថា ចំនួនពលរដ្ឋអាមេរិកាំង ដែលគ្មានការងារធ្វើ នៅក្នុងខែមេសា នឹងកើនឡើងច្រើនជាងកំណត់ត្រា ក្រោយសង្គ្រាមលោកលើកទី២។
លោក Andrew Hollenhorst ជាសេដ្ឋវិទូ នៃ Citigroup នៅបុរីញូវយ៉ក បានថ្លែងថា អត្រា នៃការអត់ការងារធ្វើ នៅអាមេរិក នឹងកើនឡើងខ្ពស់បំផុត នៅចន្លោះពីខែមេសា ដល់ខែឧសភា។ ប៉ុន្ដែចំនួនការអត់ការងារធ្វើនេះ នឹងថយចុះមកវិញ នៅក្នុងខែមិថុនា ដោយសារការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។ នៅក្នុងខែនោះដែរ កម្ចីអាជីវកម្មខ្នាតតូច ក៏ត្រូវលើកលែង ហើយនិយោជិត ក៏ត្រូវជួលឲ្យធ្វើការឡើងវិញ។
ការរាតត្បាត នៃវីរុសកូវីដ១៩នេះ បានធ្វើឲ្យអាមេរិក ក្លាយជាប្រទេសរងគ្រោះខ្លាំងជាងបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើង ដល់ ១ ០៦៤ ៥៧២នាក់ ក្នុងនោះជាសះស្បើយ ១៤៧ ៤១១នាក់ និងស្លាប់ ៦១ ៦៦៩នាក់ ខណ:ចំនួនអ្នកឆ្លងសរុប នៅលើពិភពលោក ៣ ២៣២ ០៦២នាក់ ក្នុងនោះស្លាប់ ២២៨ ៥០៥នាក់ និងជាសះស្បើយ ១ ០០៧ ៨៦៦នាក់៕ ប្រែសម្រួលដោយ Nuon