Ying Teo ដែលបានជាប់ឈ្មោះជា “ស្រីស្អាត ២០០ ផោន” បានប្ដេជ្ញាចិត្តសម្រកទម្ងន់ ហើយទទួលបានរូបរាងខុសដាច់ពីមុន ដោយធ្វើឲ្យខ្លួននាងមានសុខភាពល្អជាងមុន។
ការសម្រកទម្ងន់គឺជារឿងដ៏ពិបាកមួយសម្រាប់អ្នកដែលមានទម្ងន់លើស ទោះជាប្រើវិធីសាស្ត្រអ្វីក៏ដោយ ក៏ពួកគេមិនអាចបញ្ចុះគីឡូពីខ្លួនបានឡើយ។ គ្រាន់តែត្រឹម១០គីឡូ ក៏មិនអាចធ្វើបានផងចំពោះអ្នកខ្លះ ចុះទម្រាំ ៥០ ទៅ៦០គីឡូ ឬលើសពីនេះតើពួកគេត្រូវប្រើការតាំងចិត្តបែបណា?
យ៉ាងណាក៏ដោយបើមានការតាងចិត្តខ្ពស់ អ្វីៗនឹងទទួលបានលទ្ធផល ជាក់ស្ដែង នារីមួយរូប ឈ្មោះ Ying Teo មកពីប្រទេសម៉ាឡេស៊ី បានជាប់ឈ្មោះថា ស្រីស្អាត ២០០ផោន ក្រោយពេលដំណើរនៃការសម្រកគីឡូរបស់នាងត្រូវបានចែករំលែកលើអនឡាញ។ តាមនោះដែរ នារីរូបនេះ ធ្លាប់មានទម្ងន់ ២០០ ផោន (៩០ គីឡូ) តែទម្ងន់ធ្ងន់បំផុតរបស់នាងគឺ ១២២គីឡូ។
ដោយឃើញថា ខោអាវនៅជុំវិញខ្លួន ក៏ដូចជានៅផ្សារចាប់ផ្ដើមលែងត្រូវនឹងខ្លួនហើយនោះ ព្រមទាំងសុខភាពចុះខ្សោយ ដោយនាងពិបាកដកដង្ហើមនោះ នារីរូបនេះប្រាប់ខ្លួនឯងថា នាងត្រូវសម្រកគីឡូទើបបាន បើនាងចង់រស់នៅបន្តទៀត។ ដោយការគិតបែបនេះ Ying Teo សម្រេចចិត្តចាប់ផ្ដើមសម្រកគីឡូដោយវិធីស័ក្ដិសមនឹងខ្លួន ដោយមិនបានសម្រុកសម្រកខ្លាំងក្នុងពេលខ្លីនោះឡើយ។
ដោយការតាំងចិត្តមិនរាថយ ក្រោយរយៈពេល១ឆ្នាំ ស្រីស្អាតម៉ាឡេស៊ី សល់ត្រឹមតែ ៦៥គីឡូប៉ុណ្ណោះ ដោយមានកម្ពស់ខ្ពស់ស្រាប់ ដូចនេះ ៦៥គីឡូ គឺមើលទៅនាងស្អាតសមសួនតែម្ដង មិនស្គមពេក ក៏មិនធាត់ពេក។
នេះជាអ្វីដែលធ្វើឲ្យជីវិតនាងផ្លាស់់ប្ដូរទាំងស្រុង ក្រោយពេលសម្រកបាន ៥៧ គីឡូ ដោយខោអាវដែលស្លៀកមិនចុះពីមុននោះ ពេលនេះបានក្លាយជារលុងវិញ ហើយនាងក៏លែងពិបាកដកដង្ហើមដូចមុន។ ហើយពេលដើរទៅណាមកណា ក៏លែងត្រូវបានគេមើលលើមើលក្រោមដូចមុន។
ក្រោយពេលឃើញសាច់រឿងរបស់ស្រីស្អាត Ying Teo រូបនេះ មនុស្សជាច្រើនបានមានកម្លាំងចិត្តដើម្បីសម្រកគីឡូ ដើម្បីសុខភាព ក៏ដូចជាបានស្អាតជាងមុន ហើយនាងក៏ក្លាយជាគំរូមួយដែលធ្វើឲ្យអ្នកដទៃស្ញប់ស្ញែងក្នុងការផ្លាស់ប្ដូរជីវិតខ្លួនឯង៕
ប្រភព៖ kenh 14