អ្នកនាំពាក្យវិមានប្រធានាធិបតីអូទ្រីស លោក Reinhard Pickl-Herk បានបញ្ជាក់ថា ប្រធានាធិបតី Van der Bellen និងមន្ត្រីបុគ្គលិកជាច្រើនរូបធ្វើការនៅទីនោះ ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្រោយរងការគំរាមវាយប្រហារគ្រាប់បែក។
កាលពីថ្ងៃទី២៩ ខែមេសា ប្រធានាធិបតី Alexander Van der Bellen និងបុគ្គលិកធ្វើការ នៅវិមានប្រធានាធិបតី នៅទីក្រុង Viennna ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្រោយរងការគំរាមវាយប្រហារភេរវកម្ម។
សារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែមេសា បានផ្សាយថា ប្រធានាធិបតីត្រូវបានបញ្ជូនទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយទទួលបានព័ត៌មានសម្ងាត់ពីប៉ូលិស ។
កាលពីថ្ងៃទី២៩ ខែមេសា ប៉ូលិសអូទ្រីស ទទួលបានលិខិតមួយច្បាប់ ព្រមានពីការវាយប្រហារភេរវកម្ម។ ភ្លាមៗនោះ អូទ្រីសបានឡោមព័ន្ធទីតាំង Hofburg ស្ថិតក្នុងទីក្រុង Vienna ដែលជាកន្លែងប្រធានាធិបតីស្នាក់នៅ។
កងកម្លាំងប្រឆាំងភេរវកម្ម ក៏បានស្រាវជ្រាវ និងស្វែងរកគ្រាប់បែក នៅតំបន់សង្ស័យ ប៉ុន្តែរកមិនឃើញគ្រាប់បែកនោះឡើយ។ តំបន់ Hofburg ជាទីកន្លែងមានមនុស្សច្រើនទៅកម្សាន្ត ជាកន្លែងប្រជុំជន។ ប៉ុន្តែដោយសារតែកូវីដ១៩ ផ្ទុះឡើង ទើបតំបន់នោះ បែរជាស្ងប់ស្ងាត់ ដោយសារតែច្បាប់គម្លាតសង្គម៕ ប្រែសម្រួលដោយ៖MEO