AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងថាមពលរុស្ស៊ី លោក Alexander Novak បាននិយាយនៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាថាមពលដែលដឹកនាំដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធថា ផលិតកម្មប្រេងឆៅរបស់ប្រទេសរុស្ស៊ីនឹងកាត់បន្ថយប្រមាណ ១០ភាគរយក្នុងឆ្នាំ ២០២០ ដោយសារតែការរឹតបន្តឹងរបស់អង្គការ OPEC+ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ នៅពេលដែលប្រទេសនេះឈានដល់កំណត់ត្រាផលិតចំនួន ៥៦០,២លានតោន។
លោកបាននិយាយថា «បច្ចុប្បន្ន បណ្តាក្រុមហ៊ុននានាកំពុងរៀបចំការកាត់បន្ថយផលិតកម្ម។ នៅក្នុងខែឧសភា ការកាត់បន្ថយនឹងមានចំនួនប្រហែល ១៩ភាគរយ បើប្រៀបធៀបនឹងកម្រិតក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ។ ដោយពិចារណាទៅលើការងារក្នុងរយៈពេល ៤ខែដំបូង និងការថយចុះបន្តិចម្តងៗនៃការកាត់បន្ថយបរិមាណ ត្រូវបានគេគ្រោងនឹងកាត់បន្ថយប្រហែល ១០ភាគរយ នៅដំណាច់ឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន»៕