ភ្នំពេញ៖ អាគារធនាគារទំនេរទុកចោលមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះហ៊ុយផ្សែងខ្មួលខ្មាញ់បង្កការភ្ញាក់ផ្អើល។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្រុមអេតចាយបានដើរចូលទៅក្នុងអាគារធនាគារទំនេរទុកចោលនោះ មួយសន្ទុះក្រោយមកក៏ឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីអាគារខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់អ្នកជិតខាងក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យឲ្យជួយអន្តរាគមន៍ បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ជួយសម្រួលចរាចរណ៍តាមផ្លូវឱ្យរថយន្តពន្លត់អគ្គិភ័យចូលបាញ់ពន្លត់អគ្គីភ័យខាងលើនេះភ្លាមៗមិនឱ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យឆាប់ឆេះខាងលើនេះបង្កមកពីក្រុមអេតចាយចូលទៅក្នុងអាគារឡើងទៅជាន់ទី២ ដុតពូកចាស់ៗបណ្ដាលឆាបឆេះចេញជាអណ្ដាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ហើយការឆាបឆេះអគ្គីភ័យខាងលើរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ចំនួន ៥គ្រឿង បាញ់អស់ ៣គ្រឿងរលត់ទៅវិញជាស្ថាពរ ក្នុងករណីអគ្គិភ័យនេះដែរមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ៕ ដោយ៖ សួង សាម