ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ និងស្នើសុំការសហការ ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាតតាមការណែនាំ ដោយមានការសម្របសម្រួលរបស់មន្ត្រីផ្ទាល់ពេលមកទទួលសេវាបណ្ណបើកបរ។ នេះបើតាមហ្វេសប៊ុកក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។
ក្រសួងសាធារណការក៏បានរំឮកឲ្យប្រជាពលរដ្ឋ ដែលមកទទួលសេវាបណ្ណបើកបរនៅផ្សារទំនើបអ៉ីអនទី១ និងទី២ បន្តរក្សាភ្ជាប់គោលការណ៍អនាម័យ ពាក់ម៉ាស់ឲ្យត្រឹមត្រូវតាមការចាំបាច់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។ ជាមួយគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួល និងប្រើប្រាស់សេវានៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអ៉ីអនទី១ និង២ យ៉ាងច្រើនកុះករក្នុងរយៈពេលថ្មីៗនេះផងដែរ។
ទោះបីកម្ពុជាមិនមានករណីឆ្លងថ្មី ហើយចំនួនអ្នកជាសះស្បើយកើនឡើងជាបន្តបន្ទាប់ក្តី ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នៅតែក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេចខ្លួន ពីជំងឺកូវីដ១៩ឡើយ។ ត្រូវតែបន្តរក្សាអនាម័យ ឲ្យបានខ្ជាប់ខ្ជូនតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះបច្ចុប្បន្ន ពុំទាន់មានថ្មាំវ៉ាក់សាំងនៅឡើយ ហើយបណ្តាប្រទេសជាច្រើន នៅលើពិភពលោក កំពុងមានអ្នកឆ្លងជំងឺ និងស្លាប់ជាបន្តបន្ទាប់។
គិតមកត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ១១៩នាក់ អ្នកកំពុងសម្រាកព្យាបាលនៅសល់តែ៣នាក់ទៀតប៉ុណ្នោះ ដោយគ្មានករណីស្លាប់នោះទេ៕ ដោយ៖ ប៊ុនធឿន