អាស៊ាន៖ វិស័យដែលរងការវាយប្រហារខ្លាំងបំផុតនៅតំបន់អាស៊ាន គឺអាជីវកម្ម បដិសណ្ឋារកិច្ច ដឹកជញ្ជូន និងទេសចរណ៍ អំឡុងវិបត្តិការរីករាលដាលនៃវីរុសកូវីដ១៩។ នេះបើយោងតាមការលើកឡើងរបស់អគ្គលេខាធិការអាស៊ាន លោក លីម ចុកហូយ (LIM Jock Hoi) នៅក្នុងពិភាក្សាពិសេស (M-ATM) ស្តីពីជំងឺកូវីដ១៩ ជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
លោក លីម ចុកហូយ បានឱ្យដឹងថា បច្ចុប្បន្នជំងឺរាតត្បាតសកលមួយនេះនៅតែបន្តធ្វើឱ្យពិភពលោក និងតំបន់អាស៊ានមានភាពច្របូកច្របល់។ វាបានឆក់យកអាយុជីវិតមនុស្សជាច្រើន ព្រមទាំងបានរំខានដល់ វិស័យសេដ្ឋកិច្ចរបស់អាស៊ានថែមទៀតផង។ នៅក្នុងតំបន់អាស៊ាន ករណីស្លាប់ប្រមាណ ១ ៨០០ករណី និងករណីឆ្លងប្រមាណ ៤៥ ០០០នាក់ ត្រូវបានកត់ត្រា និងធ្វើបច្ចុប្បន្នភាព ហើយរហូតមកដល់ពេលនេះមនុស្សរាប់លាននាក់នៅតែស្ថិតនៅក្នុងហានិភ័យនៃការឆ្លង។
នៅទូទាំងតំបន់ វិធានការសុខភាពត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ រួមមាន៖ ការបិទប្រទេស និងការធ្វើចត្តាឡីស័កជាដើម ត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសជាច្រើន ដើម្បីទប់ស្កាត់ការរីករាល ដាលនៃវីរុស និងបន្តការពារជីវិត និងជីវភាពរបស់ប្រជាជន។ ទោះបីជាមានបញ្ហាទាំងអស់នេះក៏ពិតមែន ប៉ុន្តែវិបត្តិសុខភាពនេះបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជន និងវិស័យសេដ្ឋកិច្ចរបស់អាស៊ាន រាប់ចាប់ពីការរំខានដល់ចង្វាក់ពាណិជ្ជកម្ម ការផ្គត់ផ្គង់ ការបិទអាជីវកម្ម រហូតដល់ការបាត់បង់ការងារជាដើម។
ជាការពិតណាស់ នៅក្នុងវិស័យដែលរងការវាយប្រហារខ្លាំងបំផុត ដូចជា អាជីវកម្ម បដិសណ្ឋារកិច្ច ដឹកជញ្ជូន និងទេសចរណ៍ អាជីវកម្មខ្នាតតូចមួយចំនួនធំកំពុងដំណើរការ ហើយមានកម្មកររាប់ពាន់នាក់កំពុងធ្វើការ។ ប៉ុន្តែចាប់តាំងពីពេលដែលអាស៊ានប្រឈមមុខនឹងជំងឺរាតត្បាតនេះមក ការប្តេជ្ញាចិត្តក្នុងតំបន់ដើម្បីប្រយុទ្ធនឹងជំងឺនេះ គឺនៅតែមានភាពខ្លាំងក្លា។ ជាក់ស្តែង បណ្តាប្រទេសអាស៊ានសុទ្ធតែអាចឆ្លើយតបជាមួយនឹងសកម្មភាពដែលមានការសម្រេចចិត្ត គោលដៅ និងវិធានការ។ លោកមានទំនុកចិត្តថា តំបន់អាស៊ានអាចជម្នះបញ្ហាប្រឈមនេះបាន។
លោក លីម ចុកហូយ បានបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺនេះមក បណ្តាប្រទេសអាស៊ានបានចាត់វិធានការទាន់ពេលវេលា និងមានទំនួលខុសត្រូវក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលអាស៊ានបានបង្កើតយន្តការត្រៀមឆ្លើយតបថ្នាក់ជាតិ និងតំបន់ ចំពោះការគំរាមកំហែងជាសាធារណៈ ដែលលទ្ធផលបង្ហាញអំពីការរកឃើញករណីឆ្លងភ្លាមៗ ការផ្តល់សេវាវេជ្ជសាស្ត្រ ការតាមដាន និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការទំនាក់ទំនងជាដើម។ ក្នុងសកម្មភាពទាំងអស់នេះ វិស័យទេសចរណ៍ គឺជាវិស័យដំបូងគេដែលបានឆ្លើយតបដោយបានចេញនូវសេចក្តីថ្លែងការណ៍ ព្រមទាំងដំបូន្មានអំពីការធ្វើដំណើរផងដែរ៕ ដោយ៖ តារា