Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃនៅតែបន្ដហាមឃាត់អ្នកទេសចរចិន ចូលក្នុងប្រទេសរបស់ខ្លួន

បើទោះជារហូតមកដល់ពេលនេះ អាជ្ញាធរចិនបានគ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរីក​រាល ដាល នៃកូវីដ១៩បានទាំងស្រុង ដោយមិនមានអ្នកឆ្លង នៅក្នុងស្រុកក្ដី ប៉ុន្ដែអាជ្ញាធរថៃនៅតែ បន្ដ​ហាមឃាត់អ្នកទេសចរចិន ចូលមកក្នុងប្រទេសរបស់ខ្លួនបន្ដទៀត។

យោងតាមកាសែតបាងកកប៉ុស្ដិ៍ បានចេញផ្សាយ នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ថា មជ្ឈមណ្ឌល​គ្រប់គ្រងស្ថានការណ៍កូវីដ១៩ ​(CCSA) បានច្រានច្រោលសេចក្ដីរាយការណ៍​ថា អ្នក​ទេស​ចរចិន អាចនឹងត្រូវអនុញ្ញាតឲ្យចូលមកដើរលេងកម្សាន្ដ នៅលើទឹកដីថៃ ចាប់បីខែ​ក្រោយ​នេះតទៅ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យ CCSA បានថ្លែង កាលពីថ្ងៃទី២៩ ខែមេសា ថា បញ្ហាខាងលើនេះ នឹងមិនអាចទៅរួចទេ ព្រោះអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) កាល​ពីថ្ងៃទី២៧ ខែមេសា បានសម្រេចថា បម្រាមការហោះហើរផ្នែកពាណិជ្ជកម្ម នឹងបន្ដហាមឃាត់ រយ:ពេលមួយខែទៀត គឺរហូតដល់ថ្ងៃទី៣១ ខែឧសភា។ ការពន្យារពេលលើបម្រាមនេះ ក៏​ដោយសារតែមានការព្រួយបារម្ភ អំពីវីរុសកូរ៉ូណាផងដែរ។

អ្នកនាំពាក្យរូបនេះ បានបន្ដថា ជាការពិតណាស់ ភ្ញៀវទេសចរបរទេស នឹងមិនអាចមកលេង​នៅថៃ បានទេ ក្នុងកាល:ទេស:នេះ។ អ្វីដែលជាកត្ដាចម្បង យើងត្រូវយកចិត្តទុកដាក់​យ៉ាង​សំខាន់​បំផុតទៅលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋយើង។ រីឯរឿងវិស័យទេសចរណ៍ នឹង​ត្រូវគិត នាពេលក្រោយ។

កាលពីឆ្នាំកន្លងមក ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេស ជាង៤០លាននាក់ ក្នុងនោះ​មាន​អ្នក​ទេសចរចិន ជាង១១លាននាក់។ ថៃបានស្រូបចំណូលពីអ្នកទេសចរបរទេស ក្នុង​១ឆ្នាំៗ រាប់ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែចាប់តាំងពីការផ្ទុះការរីករាលដាល នៃវីរុសដ៏​កាច​សាហាវ​នេះ​មក ថៃបានបិទប្រទេសទាំងស្រុង ទើបធ្វើឲ្យប្រទេសនេះ​ខាតបង់​សេដ្ឋកិច្ច​យ៉ាង​ច្រើន ដូចជា បណ្ដាប្រទេសនានា នៅលើពិភពលោកផងដែរ។

ប្រទេសថៃ គឺជាគោលដៅដ៏សំខាន់បំផុត សម្រាប់ទាក់ទាញទេសចរចិន។ ប៉ុន្ដែចាប់​តាំង​ពី​ការផ្ទុះ​ឡើង នៃវីរុសដ៏កាចសាហាវនោះមក ជើងហោះហើរទាំងអស់ ត្រូវបានហាមឃាត់ ទើប​ធ្វើឲ្យ​ប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍របស់ប្រទេសនេះ។

បើគិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ប្រទេសថៃ មានការឆ្លងកូវីដ១៩ ចំនួន ២៩៤​៧​ករណី ក្នុងនោះស្លាប់៥៤នាក់ និងជាសះស្បើយ​ ២៦៦៥នាក់។ រីឯប្រទេសចិន ជាប្រភព នៃការផ្ទុះកូវីដ១៩ មានអ្នកឆ្លង ៨២ ៨៦២នាក់ ក្នុងនោះស្លាប់៤៦៣៣នាក់ និងជាសះ​ស្បើយ​៧៧ ៦១០នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9180672