ភ្នំពេញ៖ ឥស្សរជនពីររូប បានទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។
ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្រ្តី នៃរដ្ឋាភិបាលជប៉ុន បានប្រកាសឥស្សរជន ដែលបានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០២០ ជាការទទួលស្គាល់គុណសម្បត្តិរបស់ពួកគាត់ក្នុងការ បម្រើផលប្រយោជន៍សាធារណៈ ឬ ប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់ នៅក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។
ឥស្សរជនទាំងពីរូបនោះទី១គឺ លោក ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមចំណែករបស់លោក ក្នុងការក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង។
និងទី២គឺ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមចំណែករបស់លោក ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។
ហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជា បញ្ជាក់ថា ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងត្រូវរៀបចំឡើងក្នុងពេលវេលាសមស្របខាងមុខ៕ ដោយ៖ ប៊ុនធឿន