ចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅអាមេរិកកើនឡើងជាង ៦១ពាន់នាក់ហើយ និងមានអ្នកឆ្លងកើនឡើងដល់ជាង១លាន ៥ម៉ឺននាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានអ្នកឆ្លងថ្មីកើនឡើងជាង២ម៉ឺននាក់។
ប្រធានាធិបតីអាមេរិក កាលពីដើមសប្តាហ៍កន្លងមក បានប្រកាសថា ចំនួនអ្នកស្លាប់ នៅទូទាំងអាមេរិក អាចកើនឡើងជាង៧ម៉ឺននាក់។ ប៉ុន្តែពេលនេះបានកើនឡើងជាង៦ម៉ឺននាក់ទៅហើយ។ ចំណែកការព្យាករណ៍របស់មហាវិទ្យាល័យវ៉ាស៊ីនតោន បានបញ្ជាក់ថា អ្នកស្លាប់ដោយកូវីដ១៩ នៅអាមេរិក អាចកើនឡើងដល់ទៅ៧៣ពាន់នាក់ នៅដើមខែសីហា។
ពេលនេះដែរ រដ្ឋមួយចំនួននៅអាមេរិក បានចាប់ផ្តើម បើកទ្វារសេដ្ឋកិច្ចដំណើរការក្រុមហ៊ុន មិនខ្វល់ពីការឆ្លងរាដាលនោះឡើយ។ ក្រុមអ្នកឯកទេស បានលើកឡើងថា ចំនួនអ្នកស្លាប់នឹងឆ្លងបន្តកើនឡើងខ្ពស់ នៅអាមេរិក ដោយសារតែការបើកទ្វារសេដ្ឋកិច្ចលឿនពេក ខណៈវីរុសកូវីដ១៩ កំពុងរាលដាលខ្លាំងនៅឡើយ។
នៅពេលនេះ រដ្ឋាភិបាលអាមេរិកបានរៀបចំគម្រោង ធ្វើតេស្តរកវីរុសកូវីដ១៩ រហូតដល់ទៅ៨លាននាក់ នៅក្នុងខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ។
បើគិតដល់ម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមេសា ដោយយោងតាមគេហទំព័រ Woldmometers បានផ្សាយថា នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ១៩ចំនួន ៣ ២០៨ ៥០៩នាក់ ក្នុងនោះ ស្លាប់ ២២៧ ៥៤៩នាក់ និងជាសះស្បើយ ៩៩៧១៧៨នាក់៕ ប្រែសម្រួលដោយ៖MEO