យន្តហោះចម្បាំងរបស់កងកម្លាំងជើងអាកាសអង់គ្លេស បានហោះហើរស្ទាក់យន្តហោះរុស្ស៊ី២គ្រឿង ដែលបានហោះចូលកៀកដែនអាកាសរបស់ន័រវ៉ែស។ ក្រសួងការពារជាតិអង់គ្លេសប្រកាសដូច្នេះ បន្ទាប់ពីសកម្មភាពបានកើតឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។
ប្រភពព័ត៌មាន Sky បានផ្សាយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០២ ថា យន្តហោះប្រតិកម្មរហ័ស (QRA) អមដោយយន្តហោះចាក់ប្រេង បានហោះចេញពីមូលដ្ឋានជើងអាកាស RAF Brize Norton ស្ថិតនៅក្នុងតំបន់ Oxfordshire ។ ដោយមានការសហការជាមួយកងកម្លាំងជើងអាកាស នៃប្រទេសន័រវ៉ែសផង ក៏បានជួបប្រទះជាមួយយន្តហោះរុស្ស៊ី Tu-142 ‘BEAR-F ដែលស្ថិតនៅលើដែនអាកាសអន្តរជាតិ ពីលើដែនសមុទ្រប្រទេសន័រវ៉ែស និងសមុទ្រខាងជើង។
គួរបញ្ជាក់ថា ការហោះហើររបស់រុស្ស៊ី នៅពេលនេះបានរងនូវការថ្កោលទោស ដោយសារចំពេលគ្រប់គ្នា ជាប់រវល់នឹងបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត ។
លោក Marshal Mike Wigston នាយអគ្គសេនាធិការចម្រុះ និងជាមេបញ្ជាការកងកម្លាំងជើងអាកាសអង់គ្លេស បានថ្លែងថា ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកសេសសល់ពីសម័យសង្គ្រាមត្រជាក់របស់រុស្ស៊ីនេះ មិនបានគោរពទៅតាមបទបញ្ជាការចរាចរណ៍លើដែនអាកាសអន្តរជាតិនោះឡើយ។ នេះជាគំរាមកំហែងដល់យន្តហោះស៊ីវិល និងយន្តហោះយោធាផងដែរ។
ប្រភពបន្តថា ក្រោយពីការហោះស្ទាក់របស់យន្តហោះចម្បាំងអង់គ្លេសនោះមក ទបយន្តហោះទម្លាក់គ្រាប់រុស្ស៊ីទាំង២គ្រឿងនោះបានហោះចេញទៅបាត់។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុននេះ យន្តហោះរុស្ស៊ី បានចូលកៀកដែនអាកាសគ្រប់គ្រងដោយអង់គ្លេស ហើយនាំឲ្យមានការហោះស្ទាក់ និងបណ្តេញចេញពីយន្តហោះចម្បាំងអង់គ្លេសផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat