ធ្លាប់ខ្លាចក្នុងការប្រាប់ការពិតទៅមនុស្សស្និតស្នាលជុំវិញខ្លួនទេ? ធ្លាប់ទទួលអារម្មណ៍បដិសេធញយដងដែរទេ? តើធ្លាប់ផុងខ្លួនទៅក្នុងបញ្ហាហើយ រកអ្នកស្រោចស្រង់មិនរួចដែរអត់?
(រូបតំណាង)
រាល់ទុក្ខសោក មិនមែនសុទ្ធជារឿងល្អក្នុងការបង្ហាញអោយអ្នកដទៃដឹងនោះទេ។ យ៉ាងណាមិញ រឿងខ្លះបានត្រឹមតែធ្វើអោយអ្នកដទៃវាយតម្លៃតែប៉ុណ្ណោះ។ មែនហើយ មនុស្សស្និតស្នាលគឺអាចទុកចិត្តបានបំផុតក្នុងការបង្ហាញភាពទន់ខ្សោយរបស់យើង។ ប៉ុន្តែពេលខ្លះ អ្នកនោះមិនបានយល់នោះទេ មិនត្រឹមតែបដិសេធចំពោះអារម្មណ៍ត្រូវការរបស់យើងប៉ុណ្ណោះទេ ហើយថែមទាំងព្រងើយនឹងអារម្មណ៍របស់យើងថែមទៀតផង។ នេះហើយជាដើមហេតុនៃការបាត់បង់ភាពក្លាហានក្នុងការប្រាប់ពីអារម្មណ៍ពិត។
(រូបតំណាង)
ភាពភ័យខ្លាចក្នុងការសន្ទនាជាមួយនឹងមនុស្សស្និតស្នាល នឹងតែងតែជួបនូវពាក្យថ្មីៗបង្កប់ន័យពីជំរៅចិត្តបុគ្គលនោះមិនខាន។ ដូច្នេះហើយ អ្នកសាកចំណាំមើល៎ នៅពេលដែលមនុស្សម្នាក់ស្រែកទាមទារអោយគេដឹងពីបញ្ហាដែលខ្លួនកំពុងប្រឈមមុខគេតែងនិយាយឃ្លាទាំងនេះឬនេះ?
– ខ្ញុំមិនដឹងថាគួរធ្វើម៉េចទេ ៖ មានន័យថា ខ្ញុំកំពុងស្រែករកជំនួយពីអ្នក។ ចង់បានអ្នកប្រឹក្សាយោបល់អោយខ្ញុំ ហើយណែនាំខ្ញុំថាត្រូវធ្វើបែបណាបន្តទៅទៀត។
– ខ្ញុំមិនអាចបញ្ឃប់ខ្លួនឯងពីរឿងរ៉ាវទាំងនេះបានទេ ៖ មានន័យថា ខ្ញុំបានស្វែងរកឃើញភាពមិនប្រក្រតីរបស់ខ្លួន ហើយខ្ញុំពិតជាត្រូវការជំនួយពីអ្នក។ ខ្ញុំពិតជាសង្ឃឹមថាអ្នកជួយបង្ហាញច្រកចេញសម្រាប់ដោះលែងបាក់តេរីមិនល្អក្នុងខ្លួនខ្ញុំ។
– ខ្ញុំពិតជាបារម្ភខ្លាំងណាស់ ៖ មានន័យថា ខ្ញុំអនុញ្ញាតអោយអ្នកដឹងពីដើមហេតុដែលធ្វើអោយខ្ញុំផ្លាស់ប្តូរ ដើម្បីងាយស្រួលក្នុងការជួយខ្ញុំ។
– ខ្ញុំពិតជាខកបំណងចំពោះអ្នកខ្លាំងណាស់ ៖ មានន័យថា ខ្ញុំកំពុងដាក់ចំណោទទៅអ្នកវិញថា ហេតុអីអ្នកមិនយល់ពីខ្ញុំ ទាំងដែលខ្ញុំបានព្យាយាមពិពណ៌នាពីខ្លួនឯងច្រើនយ៉ាងនេះហើយ?
– ខ្ញុំគ្រាន់តែផ្តល់យោបល់ ៖ មានន័យថា ខ្ញុំគ្រាន់តែចង់និយាយពីគំនិតរបស់ខ្ញុំចេញមកដើម្បីអោយអ្នកដឹងថាមូលហេតុអីបានជាខ្ញុំគិតបែបហ្នឹង ហើយពួកយើងនឹងពិចារណាសារជាថ្មី។
– ខ្ញុំខ្លាចក្នុងការនិយាយជាមួយអ្នក ៖ មានន័យថា ខ្ញុំកំពុងព្យាយាមរក្សាទំនាក់ទំនងល្អរបស់ពួកយើង។ ខ្ញុំខ្លាចក្នុងការបាត់បង់អ្នក ខ្ញុំខ្លាចថាសម្តីដែលខ្ញុំនិយាយទៅប៉ះទង្គិចអ្នក។
– ពេលខ្លះខ្ញុំត្រូវការការបង្ហាញផ្លូវច្រើនជាងរៀបរាប់ពីកំហុសខ្ញុំ ៖ មានន័យថា ខ្ញុំមិនបានបដិសេធចំពោះកំហុសខ្លួនឯងនោះទេ ក៏មិនចង់ប្រកែកយកត្រូវខុសអីនោះដែរ តែអ្វីដែលខ្ញុំចង់បាន គឹការកែតម្រូវខ្ញុំដោយសម្រួល ពាក្យស្រួលៗខ្ញុំស្តាប់ចូលជាងពាក្យបន្ទោស ក៏ព្រោះហេតុផលថា ខ្ញុំបានដឹងខ្លួនថាខុសរួចមកហើយ។
ចិត្តមនុស្សដូចគ្នា យកចិត្តគេដាក់ចិត្តយើង វាពិតមិនខុសគ្នាទេ គ្មានអ្នកណាចូលចិត្តស្តាប់ពាក្យស្តីបន្ទោសគេគ្រប់ពេលក៏នៅតែមិនដឹងផ្លូវណាគួរដើរអោយប្រសើរជាងនេះដដែលនោះទេ។ អ្នកណាមិនធ្លាប់ខុស? ចុះបើគេដឹងខ្លួនថាខុស ហេតុអីយើងមិនធ្វើជាជំនួយអោយប្រសើរជាងនេះ?
ប៉ុន្តែអ្នកដែលសាងកំហុស ក៏កុំបន្ទោសគេដែលមិនយល់ពីយើង ព្រោះយើងក៏ប្រហែលជាមិនយល់ហេតុផលដែលគេធ្វើបែបនេះដាក់យើងដូចគ្នា ដូច្នេះបើម្នាក់ៗព្យាយាមយល់ពីគ្នា វាប្រហែលជាប្រសើរជាងនេះក៏ថាបាន៕