ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៩ មេសា ឆ្នាំ២០២០នេះ លោកស្រី សំ ស៊ីថា សមាជិកាក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា ប្រជាជពលរដ្ឋនៅ សង្កាត់ពញាពន់និង សង្កាត់សំរោង បានត្អូញត្អែពីសេវា ទឹកស្អាត របស់ក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខន់ស្ដ្រាក់សិន ដែលផ្គត់ផ្កង់ទឹកស្អាត នៅតំបន់ព្រែកព្នៅ មិនបានផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់ក្នុងការប្រើប្រាស់ឡើយ។
ពួកគាត់បានលើកឡើងថា ទឹកខ្សោយ ចេញតិចប្រើប្រាស់មិនគ្រប់គ្រាន់។ពេលបើកក្បាលរ៉ូប៊ីណេ ចេញតែខ្យល់ កុងទ័រវិលញ៉ាប់ តែបរិមាណទឹកចេញតិច បើគាត់ចង់បានទឹកប្រើទាល់តែងើបត្រងនៅម៉ោង១កណ្ដាលអាធ្រាតុ ពេលដែលគេដេកលក់អស់ទើបបាននទឹកប្រើ ហើយចំពោះតម្លៃវិញក៏ថ្លៃដែរ គឺ១៨០០រៀលក្នុង១ម៉ែត្រគូប។ពួកគាត់បានស្នើឲ្យក្រុមហ៊ុន ធ្វើការបញ្ចុះតម្លៃ និងបង្កើនកម្លាំងទឹកឲ្យបានខ្លាំងជាងមុន ព្រោះបច្ចប្បន្ននេះទឹកស្អាតរបស់ក្រុមហ៊ុន មិនអាចប្រើប្រាស់គ្រប់គ្រាន់ឡើយ។
ទាក់ទងទៅនឹងសំណើខាងលើនេះ លោកលី ប្រុស តំណាងក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខន់ស្ដ្រាក់សិនបានលើកឡើងថា សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនេះ ក្រុមហ៊ុនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។កាលដើមឡើយ ក្នុងឆ្នាំ១៩៩៩ក្រុមហ៊ុន ប្រើប្រាស់តែម៉ាស៊ី២ប៉ុណ្ណោះក្នុងការបូមទឹកពីទន្លេចូលមកអាងចម្រោះ រួចបែងចែកជូនប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់ តែដោយសារកំណើន ប្រជាជនមានការកើនឡើងខ្ពស់ ធ្វើឲ្យការផ្គត់ផ្គង់ទឹក មានការខ្វះខាត។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបាន បន្ថែមម៉ាស៊ីនបូមទឹក២ទៀត គម្រប់៤គ្រឿង និងសាងសង់អាងចម្រោះថ្មីបន្ថែម ដើម្បីពេញសេក្ដីត្រូវការជូនអតិថិជន ដោយផលិតទឹកបាន១៥០ម៉ែត្រគូប ក្នុង១ម៉ោង។ ប៉ុន្ដែនៅដំណាក់កាលនេះ ការផ្ដល់សេវារបស់ក្រុមហ៊ុន មិនទាន់ដំណើរការបានពេញលេញ ល្អនៅឡើយ។
សម្រាប់ការដោះស្រាយបញ្ហាទឹកខ្សោយ ក្រុមហ៊ុនបានដាក់ម៉ាស៊ីនសម្ពាធទឹក ចំនួន១៥គ្រឿង រួចហើយ ចំពោះតំបន់ដែលខ្សោយខ្លាំង ក្រុមហ៊ុននឹងសិក្សាដើម្បីដាក់ បន្ថែមទៀត សម្រាប់ការចេញតែខ្យល់ និងទឹកចេញតិច មកពីម៉ាស៊ីនសម្ពាធទឹកមិនទាន់ដំណើរការស្រួលពេលដែលវាដំណើការស្រួលវានឹងអស់បញ្ហា។ ចំពោះតម្លៃវិញ គឺមិនអាចុះបានឡើយ តម្លៃនេះមិនមែនក្រុមហ៊ុន ចេះតែដាក់នោះទេគឺមានភាគីខាងរាជរដ្ឋាភិបាល ដែលមានអង្គភាព និងក្រសួងជំនាញជាអ្នកចូលរួមក្នុងការកំណត់តម្លៃនេះ ផងដែរ។
ដោយឡែកលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបានខណ្ឌព្រែកព្នៅបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋសូម រង់ចាំបន្ដិចសិន ពោលគឺនៅឆ្នាំ២០២៣ ក្នុងខណ្ឌព្រែកព្នៅទាំងមូលនឹងទទួលបានសេវាទឹកស្អាត ពីរដ្ឋករទឹក ស័្វយយ័តរាជធានីភ្នំពេញទាំងស្រុង ដោយសារស្ថានីយ៍ទឹកស្អាត នៅបាក់ខែងត្រូវបានសាងសង់រួច និងអាងចម្រោះទឹកស្អាត នៅបឹងតាមោគ ក៏ត្រូវសាងសង់រួចរាល់ដែរ នៅពេលនោះ ប្រជាពលរដ្ឋនឹងងាកមកទទួលយកសេវាទឹកស្អាតពីរដ្ឋវិញ ចំពោះក្រុមហ៊ុនទឹកស្អាតឯកជនបើចង់ឲ្យ ប្រជាពលរដ្ឋទទួលសេវារបស់ខ្លួន ទាល់តែមានសេវាល្អជាងរដ្ឋទើបអាចរក្សាអតិថិជនរបស់ខ្លួនបាន៕ ដោយ៖ ផេង ភាព