បើកូវីដបន្តអូសបន្លាយតែ៣ខែទៀត គ្រឹះស្ថានឧត្តមសិក្សាឯកជន អាចនឹងកាត់បន្ថយបុគ្គលិក ឬត្រូវបិតទ្វារតែម្តង
គ្រឹះស្ថានឧត្តមសិក្សាឯកជននៅប្រទេសកម្ពុជា មានផែនការកាត់បន្ថយបុគ្គលិក ឬត្រូវបិទទ្វារសាលាតែម្តង ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ នៅតែអូសបន្លាយនឹងគ្មានដំណោះស្រាយ។ នេះបើតាមការអះអាងពីប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លោក ហេង វ៉ាន់ដា។
ថែ្លងក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទជាមួយ TNAOT APP លោក ហេង វ៉ាន់ដា បានមានប្រសាសន៏ថា គ្រឹះស្ថានឧត្តមសិក្សាឯកជន អាចប្រឈមការក្ស័យធន បណ្ដាលមកពីវិបត្តិ បង្កឡើងដោយវីរុសកូវីដ១៩។
លោកថា បើបញ្ហានេះនៅតែអូសបន្លាយយូរទៀត អាចមានសាលាឯកជនខ្លះត្រូវបិទទ្វារមួយរយៈ ឫកាត់បន្ថយបុគ្គលិកជាច្រើន នាំឲ្យអត្រាបាត់បង់ការងារធ្វើ ជាពិសេសគ្រូបង្រៀនក្នុងវិស័យឯកជន នឹងកើនឡើងនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្នុងវិស័យអប់រំរូបនេះ បញ្ជាក់ដែរថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន ១១៣ បានត្អូញត្អែរថា បន្ទាប់ពីផ្អាកសេវាអប់រំដោយសារការឆ្លងរាតត្បាតវីរុសកូវីដ ១៩ តាំងពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០២០ គ្រឹះស្ថានទាំងនោះ បានជួបការលំបាក និងផលប៉ះពាល់យ៉ាងខ្លាំង ដោយបញ្ហាធំៗមាន ៣ កំពុងប្រឈមខ្លាំង ដូចជា ត្រូវបន្តបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិក បន្តបង់ឈ្នួលអគារ បន្តបង់ការប្រាក់ និងប្រាក់ដើម ដែលបានខ្ចីពីធនាគារជាដើម។
ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បង្ហើបទៀតថា គ្រឹះស្ថានសិក្សាមួយចំនួន មានកម្មវិធីបង់ប្រាក់ថ្លៃសាលាជាប្រចាំឆ្នាំ ប្រចាំខែ ឬប្រចាំត្រីមាស កំពុងជួបបញ្ហាលំបាកខ្លាំង ដោយសារការបង់ថ្លៃសិក្សារបស់សិស្ស និស្សិត មិនបានគោរពទៅតាមពេលវេលាកំណត់ដូចពេលមុនៗ ធ្វើឲ្យសាលាខ្លះ ពុំមានលទ្ធភាពបើកប្រាក់បៀវត្សរ៍ជូនគ្រូគ្រប់ចំនួន សម្រាប់ខែមេសានេះ ហើយប្រសិនបើគ្មានការអន្តរាគមន៍ណាមួយទេនោះ បញ្ហាប្រឈមនឹងកាន់តែធ្ងន់ធ្ងរខ្លាំងមិនខាន។
គួររំលឹកផងដែរថា សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានជួបប្រជុំជាមួយសមាជិករបស់ខ្លួន ដោយភាគច្រើន បានលើកឡើងពីហានិភ័យ ប្រឈមក្ស័យធន ប្រសិនបើគ្មានអន្តរាគមន៍ទាន់ពេលវេលា ស្របពេល បណ្តាមិតាបិតាសិស្សជាច្រើន ក៏កំពុងប្រឈមខ្វះខាតថវិកាសម្រាប់បង់ថ្លៃសាលា ព្រោះពួកគាត់ ក៏សុទ្ធជាជនរងគ្រោះផ្នែកសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតកូវីដ ១៩ ដូចគ្នា៕ ដោយ៖ ឃួន លក្ខិណ