សៀមរាប៖ អាជ្ញាធរជាតិអប្បរា បានបង្ហាញបច្ចេកទេសដ៏ជំនាញអំពីការកាត់ដើមឈើធំៗមិនឱ្យមានហានិភ័យដល់ប្រាសាទបុរាណខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ នេះបើយោងតាមផេកផ្លូវការរបស់អាជ្ញាធរជាតិអប្បរា។
ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ជាទូទៅថា ជាប្រាសាទដែលសម្បូរដើមឈើធំៗដុះក្នុងបរិវេណប្រាសាទ។ ដ្បិតថា ដើមឈើទាំងនោះជាទីទាក់ទាញដល់ភ្ញៀវទេសចរ តែវាក៏ជាប្រភពនៃហានិភ័យដល់ប្រាសាទផងដែរ ព្រោះដើមឈើទាំងនោះអាចដួលរលំដោយសារកត្ដាធម្មជាតិផ្សេងៗ ដែលក្នុងនោះមានដូចជាខ្យល់ជាដើម។ នៅពេលដែលដើមឈើទាំងនោះដួលលើប្រាសាទ ការងារដែលយកដើមឈើចេញជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមការងារព្រៃឈើ ព្រោះប្រសិនបើការងារដកហូតដើមឈើចេញមិនបានត្រឹមត្រូវទៅតាមលក្ខណៈ បច្ចេកទេសនោះទេ វាអាចធ្វើឲ្យរបេះថ្មធ្លាក់មកយ៉ាងងាយ។ ដូច្នេះ ចាំបាច់ត្រូវមានបច្ចេកទេសខ្ពស់ក្នុងការដកហូតដើមឈើទាំងនោះចេញ។
លោក មាឃ បូរ៉ា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានរៀបរាប់អំពីបច្ចេកទេសទាំងនេះថា ការកាត់ដើមឈើធំៗដែលដួលគងលើប្រាសាទចាំបាច់ត្រូវរៀបចំរន្ទាឱ្យរឹងមាំនៅផ្នែកខាងក្រោម ហើយត្រូវកាត់ដើមឈើនោះជាចម្រៀកតូចៗបណ្ដោយសាច់ ដើម្បីសម្រាលទម្ងន់ និងងាយស្រួលលើកយកចេញ។ ការធ្វើបែបនេះ គឺអាចរក្សាសុវត្ថិភាពទាំងក្រុមការងារផង និងបញ្ចៀសការប៉ះពាល់ដល់ប្រាសាទផងដែរ៕ ដោយ៖ តារា