សៀមរាប៖ លោកស្រី ខាត់ សុឃីម និងស្វាមី បានដឹកនាំបាតុករប្រមាណ ២០០នាក់ ក្នុងបាតុកម្មតវ៉ាមួយនៅមុខសាលាដំបូងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីទាមទាឱ្យដោះលែងនាយកក្រុមហ៊ុនអ៊ីណារីតា ដែលសមត្ថកិច្ចអះអាងថា បានធ្វើការឆបោកប្រាក់អតិថិជនជាច្រើនសិបនាក់ រហូតជាង ១៤លានដុល្លាអាមេរិក។ នេះជាបាតុកម្មតវ៉ាលើកទី២ហើយ ដែលដឹកនាំដោយលោកស្រី ខាត់ សុឃីម។
បាតុកម្មតវ៉ានៅព្រឹកថ្ងៃទី២៩ ខែមេសានេះ គឺធ្វើឱ្យមានការស្ទះផ្លូវនៅមុខសាលាដំបូងខេត្តសៀមរាប អស់ជាច្រើនម៉ោង បន្ទាប់ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញមកពន្យល់ពីបញ្ហាផ្លូវច្បាប់នៅចំពោះមុខបាតុកម្ម នៅការឃុំខ្លួននាយកក្រុមហ៊ុនអ៊ីណារីតាខាងលើ។ នាយកក្រុមហ៊ុនអ៊ីណារីតា ដែលត្រូវចាប់ខ្លួន និងធ្វើឱ្យបាតុកម្មទាមទារឱ្យដោះលែងនោះ មានឈ្មោះ ឌីន សួនណាត ភេទប្រុស ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ពីបទឆបោកដោយមានស្ថានទំងន់ទោស និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ នេះគឺជាការបញ្ជាក់របស់លោក យិន ស្រាង ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប។
លោក យិន ស្រាង បានបញ្ជាក់ថា នាយកក្រុមហ៊ុនអ៊ីណារីតាខាងលើ ត្រូវបានអតិថិជននៅខេត្តសៀមរាប ដាក់ពាក្យបណ្តឹងមកតុលាការជាបន្តបន្ទាប់ ពីបទឆបោកដោយមានស្ថានទំងន់ទោស និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដែលមានទឹកប្រាក់ជាង ១៤លានដុល្លារអាមេរិក និងអតិថិជនប្តឹងនៅក្រសួងមហាផ្ទៃផ្សេងទៀតមានទឹកប្រាក់ប្រមាណជាង ១០លានដុល្លារអាមេរិកថែមទៀត។
លោក យិន ស្រាង បានបន្តថា កាលពីលើកទី១ មិនចាំថ្ងៃ លោកស្រីខាត់ សុឃីម និងស្វាមី បានដឹកនាំបាតុកម្មមកតវ៉ាឱ្យដោះលែងនាយកក្រុមហ៊ុនអ៊ីណារីតា ម្តងរួចមកហើយ ។ កាលណោះលោកស្រី ខាត់ សុឃីម និងស្វាមី ព្រមទាំងតំណាង២រូបទៀតត្រូវបានតំណាងអាយ្យការឱ្យចូលមកក្នុងសាលាដំបូង ដើម្បីជួបពិភាក្សាពាក់ព័ន្ធនឹងផ្លូវច្បាប់។
លោកបន្តថា ក្រោយពីជួបចរចារគ្នាហើយ លោកស្រី ខាត់ សុឃីម បានចេញមកក្រៅតុលាការ ត្រូវបានអ្នកតវ៉ាចោទនាងថា បានត្រូវរ៉ូវជាមួយតុលាការ។ ដោយឡែកបាតុកម្មថ្ងៃទី២៩ ខែមេសានេះ នាង ខាត់ សុឃីម និងតំណាងផ្សេងទៀត មិនចូលទៅក្នុងតុលាការទេ ទើបលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង ចេញមកក្រៅតុលាការពន្យល់ផ្លូវច្បាប់ជារួមដល់អ្នកតវ៉ាវិញម្តង។ គេមិនសង្ឃឹមថា ការតវ៉ានេះមិនទទួលបានជោគជជ័យនោះទេ ព្រោះបទល្មើសធំធេង ហើយមានទឹកប្រាក់ប្រមាណជាង ១៤លានដុល្លារអាមេរិក និងមានបណ្តឹងតវ៉ាជាបន្តបន្ទាប់ទៀតមិនទាន់ចប់នោះទេ៕ ដោយ៖ សាម