រស់នៅក្នុងការពិតមួយពិតជាលំបាក… គ្រួសារដែលមិនពេញលេញមួយនេះបានបង្រៀនខ្ញុំឱ្យរឹងមាំដោយមិនដឹងខ្លួន។ ខ្ញុំធ្លាប់គិតថាបើមិនជួបរឿងរ៉ាវបែបនេះ តើខ្ញុំអាចរឹងមាំដូចពេលនេះដែរទេ!
(រូបតំណាង)
ការពិតជារឿងមួយដែលពិបាកទទួលយកមិនថាជីវិតយើងរីករាយយ៉ាងក៏គង់មានវិបិត្តមួយដែលយើងត្រូវឱបជាប់ប្រាណ។ ជាពិសេសរឿងក្នុងគ្រួសារ ហើយទុក្ខព្រួយមួយនេះពិតជាពិបាកដោះស្រាយ និងមិនដឹងបរិយាយដាក់អ្នកណាបាន គឺបានត្រឹមតែរំលាយវាចូលប្រាណអោយស្ពឹកអារម្មណ៍ដោយបែបនេះ។
គ្រួសារជាកន្លែងដែលយើងធំធាត់ហើយក៏ជះឥទ្ធិពលយ៉ាងខ្លាំងទាំងសម្ដីសម្ដៅនិងឫកពាររបស់យើង ក្មេងដែលមិនសូវពិបាកពេលចូលសាលារៀនក៏អាសហរ័យលើគ្រួសារមួយភាគធំក្នុងការបង្ហាត់បង្ហាញនៅផ្ទះបន្ថែមផងដែរ។ ចុះបើគ្រួសារជារឿងពិតដែលពិបាកទទួលយក តើវាមានផលវិបាកបែបណាខ្លះ?
(រូបតំណាង)
ការពិតដែលយើងរស់នៅបែកបាក់នេះខ្ញុំទទួលយកការពិតរួចមកហើយប៉ុន្តែនៅពេលដែលប្រឈមមុខនឹងជំងឺអនាម័យ ជំងឺសេដ្ឋកិច្ចដែលអុកឡុកធ្វើឱ្យពិភពលោកជ្រួលច្របល់បង្ខំឱ្យធ្វើការពីផ្ទះ ខ្ញុំរកឃើញថាការពិតខ្ញុំនៅមិនទាន់ទទួលយកការពិតទាំងស្រុងនៅឡើយទេ។
ក្នុងផ្ទះដែលមានតែម្ដាយនិងកូនៗបីនាក់រួមនឹងជីដូនម្នាក់ផង ខ្ញុំស្រាប់តែមានអារម្មណ៍ថាកាលដែលទៅធ្វើការ ជួបជុំមិត្តភក្តិ មានប្រជុំតូចធំពីមុនមកវាមិនស្ថិតស្ថេរនៅជាមួយយើងឡើយ គ្រាន់តែជាអ្វីដែលកំដរការរស់នៅខ្ញុំប៉ុណ្ណោះ ម្ល៉ោះហើយខ្ញុំក៏មិនចាប់អារម្មណ៍គិតច្រើននូវការពិតនៅក្នុងផ្ទះ រហូតពេលនេះទើបខ្ញុំសួរខ្លួនឯងថា នេះឫជាគ្រួសារខ្ញុំ?
គ្រួសារមានគ្នាតិចហាក់ស្ងប់ស្ងាត់ហើយកម្សត់ណាស់។ នឹកដល់កាលរស់នៅជួបជុំខ្ញុំក៏ចាំបានតែបងប្អូនដែលមិនសូវបានជួបជុំ ហាក់ឆ្ងាយគ្នារៀងៗខ្លួន ភាពរីករាយនៅផ្ទះខ្ញុំក៏មានតិចណាស់ទៅហើយ មកដល់ពេលនេះក៏យល់ថាមិនសូវរីករាយជាងមុនទៅទៀត ព្រោះដាក់ភារកិច្ចឱ្យខ្លួនឯងជួយជំរុញផ្ទះនេះឱ្យមានធនធានសេដ្ឋកិច្ចល្អប្រសើរ។ ពេលដាក់បន្ទុកខ្លួនឯងធ្ងន់កាលណាភាពរីករាយក៏បាត់ទៅបន្តិចម្ដង។
លុះពេលខ្ញុំឃើញអ្នកដែលតស៊ូដើម្បីផ្គត់ផ្គង់គ្រួសារកំពុងនៅខាងក្រៅប្រយុទ្ធនឹងជំងឺដ៏គួរឱ្យខ្លាចដោយគ្មានជម្រើស មិនអាចត្រឡប់ទៅផ្ទះដោយដៃទទេរព្រោះមានអ្នកនៅរង់ចាំគាត់ដែលជាក្ដីសង្ឃឹមទោះបីស្នាមជ្រួញច្រើនឡើង រាងកាយដ៏ស្គមស្គាំងត្រូវតតាំងនឹងវីរុសព្រមគ្នាដោយភាពស្រែកឃ្លាននៃក្រពះ ខ្ញុំអាចយល់ច្បាស់ថាការពិតជីវិតខ្ញុំក៏មិនអាក្រក់ណាស់ណាឡើយ។
រទេះចាស់កំពុងរុញទៅមុខដោយបុរសចំណាស់ខ្នងកោងគ្មានម៉ាសការពារស្របពេលគ្រប់គ្នាភ័យខ្លាចនៃការរាតត្បាតយ៉ាងគំហុកនៃមេរោគ រូបភាពឱ្យខ្ញុំយល់ដោយខ្លួនឯងថាកាលដែលយើងមានលទ្ធភាពផ្តល់នូវតម្រូវការដែលខ្លួនត្រូវការក៏ជាក្ដីសុខណាស់ទៅហើយ។ ទោះជួបការពិតពិបាកយ៉ាងណាក៏យើងនៅតែមានជម្រើសល្អជាងមនុស្សជាច្រើនដែលយ៉ាប់យ៉ឺនជាងយើងទៅទៀត។
រស់នៅក្នុងការពិតមួយពិតជាលំបាក ប៉ុន្តែបើយើងឆាប់ទទួលស្គាល់ការពិតនោះយើងអាចសម្លឹងឆ្ងាយមើលឃើញការពិតជាច្រើនផ្សេងទៀតនៅក្រោមមេឃតែមួយ ពេលនោះយើងក៏អាចរកឃើញនូវអំណោយដែលជីវិតបានផ្ដល់ឱ្យយើង៕