តាមការចេញផ្សាយរបស់ប្រភព Sputnik នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា យ៉ាង តិចមនុស្ស៣នាក់ បានស្លាប់ និង១៥នាក់ រងរបួស ក្នុងហេតុការណ៍វាយប្រហារ បំផ្ទុះគ្រាប់ បែកអត្តឃាត នៅទីក្រុងកាប៊ុល ។
ព័ត៌មាននេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីករណីវាប្រហារ ដោយក្រុមឧទ្ទាមតាលីបង់ នៅភាគកណ្តាលប្រទេស សម្លាប់កងសន្តិសុខអាហ្វហ្គានីស្ថាន យ៉ាងតិច៤នាក់ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាស កាលពីថ្ងៃទី២៩ ខែមេសា ថា មនុស្សយ៉ាងតិច៣នាក់ស្លាប់ និង១៥នាក់រងរបួស ក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុងអាហ្វហ្គានីស្ថាននេះ។
សេចក្តីថ្លែងការណ៍ លោក Tariq Arian បានបញ្ជាក់ថា ជនវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះគ្រាប់ផ្ទុះ ក្នុងចំណោមជនស៊ីវិល ស្ថិតនៅតំបន់ Reshkhor សង្កាត់ Char Asiab ទីក្រុងកាប៊ុល នៅព្រឹក ថ្ងៃពុធនេះ ។
ប្រភពបន្តថា មកទល់ពេលនេះ មិនទាន់មានក្រុមភេរវកម្មណាមួយ ប្រកាសទទួលស្គាល់ការវាយប្រហារនៅឡើយ។ ការវាយប្រហារនេះបានកើតឡើង នៅក្នុងអំឡុងពេលដែលពិធីបុណ្យរ៉ាម៉ាដន កំពុងដំណើរការប្រព្រឹត្តទៅរបស់ជនមូស្លីម ដែលមានរយៈពេល១ខែ។
ការផ្សាយរបស់ប្រភព Tolo News បញ្ជាក់ថា គ្រាប់បែកបានផ្ទុះ នៅរបងអង្គភាពបញ្ជាការប្រតិបត្តិការពិសេស ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងក្រុមតាលីបង់បានឈានដល់កិច្ចព្រមព្រៀងមួយ រយៈពេល២ខែកន្លងហើយ ក្នុងការប៉ុនប៉ងបញ្ឈប់សង្គ្រាមវែង អូសអន្លាយរាប់ទសវត្សរ៍ នៅប្រទេសអាស៊ីកណ្តាលមួយនេះ ។ ទោះយ៉ាងណា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមតាលីបង់ នៅតែមានបន្តការប៉ះទង្គិចគ្នា ។ ភាគីទាំងពីរដែលគ្រោងពិភាក្សាគ្នា នៅក្នុងខែមីនា នោះបានពន្យារពេល ដោយសារតែការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ thach yat