ជុំវិញពាក្យចរចាមអារ៉ាមសុខភាព កូរ៉េខាងជើងបញ្ចេញវីដេអូ សកម្មភាពតាមដងផ្លូវនៅទីក្រុង Pyeongyang
បើទោះបីជាមានការលេចចេញនូវពាក្យចរចាមអារ៉ាម អំពីសុខភាពរបស់មេដឹកនាំ គីម ជុងអ៊ុន ក៏ដោយ ក៏ការធ្វើដំណើរនៅតាមដងផ្លូវរបស់ប្រជាជន នៅទីក្រុង Pyeongyang នៅតែមាន សភាពធម្មតាដដែល ។ នៅក្នុងសប្តាហ៍នេះ យ៉ាងហោចណាស់ ក៏មានឃ្លីបវីដេអូ ដែលថតដោយទីភ្នាក់ងារព័ត៌មាន APTN ត្រូវបានផ្សព្វផ្សាយផងដែរ ។
ពលរដ្ឋកូរ៉េខាងជើង ត្រូវគេមើលឃើញថា មានពាក់ម៉ាសជិត ពេលធ្វើដំណើរនៅលើដងផ្លូវ ទៅតាមវិធានការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ (COVID-19)របស់រដ្ឋាភិបាល ។
កូរ៉េខាងជើងក៏បានផ្សព្វផ្សាយវីដេអូឃ្លីបមួយ ដែលមានចំណងជើងថា “ពិត ឬមិនពិត” នៅលើបណ្តាញសង្គមរបស់ខ្លួន ដើម្បីអះអាងបញ្ជាក់ថា មិនមានការទិញទំនិញដោយការភ័យស្លន់ស្លោ នៅកូរ៉េខាងជើង ដូចដែលប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន បានលើកឡើងនោះឡើយ ។
អ្នកដំណើរនៅក្នុងឃ្លីបវីដេអូនោះម្នាក់ ឈ្មោះ Sov ត្រូវបានសាកសួរថា តើតម្លៃទំនិញឡើងថ្លៃទេ នៅប៉ុន្មានថ្ងៃនេះ? គាត់បានឆ្លើយថា «ខ្ញុំមិនគិតថា មានការឡើងថ្លៃនោះទេ។ ផលិតផលផ្លែឈើពីកសិករតាមដងទន្លេ Daedonggang ពិតជាមានតម្លៃថោកជាង» ។ «ខ្ញុំគិតថា ព័ត៌មានខាងក្រៅដែលបានផ្សព្វផ្សាយទាំងនោះ ជាព័ត៌មានក្លែងក្លាយ ក្នុងពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ១៩» ។
ដើម្បីបង្អាប់ការអះអាងរបស់អ្នកជំនាញមួយចំនួន ដែលថា ស្ថានភាពវីរុសកូវីដ១៩ កំពុងមានសភាពធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េខាងជើងនោះ, ឃ្លីបវីដេអូនេះ បានបង្ហាញឲ្យឃើញនូវមហាវិទ្យាល័យនានា ដោយការបញ្ជាក់អះអាងថា បានបើកទ្វារសិក្សារៀនសូត្រឡើងវិញ ក្រោយពីបិទ រយៈពេល២ខែកន្លងមកនេះ។ គេបានអះអាងថា វាអាចទៅរួច ដោយសារគ្មានករណីវីរុសនោះឡើយ ហើយអរគុណចំពោះការអនុវត្តប្រព័ន្ធដាក់ឲ្យនៅដាច់ដោយឡែក ។
យោងតាមការផ្សាយរបស់ប្រភព Arirang នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា វាហាក់ដូចជាកូរ៉េខាងជើង កំពុងបញ្ចេញសំឡេង ដោយប្រើការឃោសនា ដើម្បីលុបបំបាត់ពាក្យចរចាមអារ៉ាម ជុំវិញបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន យ៉ាងដូច្នោះឯង៕ ប្រែសម្រួលដោយ៖ thach yat