Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាតុកម្មក្លាយជាហិង្សា ប្រឆាំងវិបត្តិសេដ្ឋកិច្ចនៅប្រទេសលីបង់

បាតុកម្មប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច កំពុងកើនឡើង នៅទីក្រុងទ្រីប៉ូលី ហើយបានរាលដាល​ដល់ទីក្រុងដទៃទៀត ក្នុងប្រទេសលីបង់ កាលពីថ្ងៃទី២៨ ខែមេសា។ ធនាគារនានា​ត្រូវភ្លើងឆេះ ហើយអំពើហិង្សាបាន​រាលដាល រហូតដល់យប់ទី២ ។

បាតុករម្នាក់បានស្លាប់នៅក្នុងកុបកម្មពេញមួយយប់ថ្ងៃទី២៧ ខែមេសា ។ នៅពេលបច្ចុប្បន្ននេះ រូបិយវត្ថុនៅក្នុងប្រទេសលីបង់ កំពុងកើនឡើងអតិផរណា និងការអត់ការងារធ្វើ បានកើនឡើង ចំពេលដែលជាប្រទេសនេះមានវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំង ចាប់តាំងពីខែតុលា ឆ្នាំ២០១៩ រៀង​រហូតមក ។

ប្រទេសនេះ ក៏កំពុងអនុវត្តគោលការណ៍ចាក់សោ ឬបិទប្រទេស ដើម្បីប្រយុទ្ធប្រឆាំងមេរោគ​កូវីដ១៩ បានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរបន្ថែម សម្រាប់សេដ្ឋកិច្ចដែលកំពុងដុនដាប់ស្រាប់​ផងនោះ ។

ក្រុមបាតុករនៅភាគខាងជើងទីក្រុងទ្រីប៉ូលី កាលពីថ្ងៃទី២៨ ខែមេសា បានដុតបំផ្លាញធនាគារ ហើយទូអេធីអឹមក៏រងការវាយកម្ទេច ជាហេតុជំរុញឱ្យកងទ័ព ចេញធ្វើអន្តរាគមន៍បាញ់​កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក។ កាលពីយប់ថ្ងៃទី២៨ ខែមេសា បាតុករបានប្រមូលផ្តុំគ្នា​យ៉ាងច្រើន នៅទីលានដ៏ធំមួយក្នុងទីក្រុង ។ នៅតាមផ្លូវខ្លះ មានការគប់ដុំថ្មទៅលើ​កងកម្លាំង​សន្តិសុខផងដែរ ។

អំពើកុបកម្មមួយយប់ថ្ងៃទី២៧ ខែមេសា បន្សល់ទុកនូវស្នាមខូចខាតធនាគារ ខូចខាតរថយន្ត និងទូអេធីអឹម ត្រូវបានបំផ្លិចបំផ្លាញ ។ អំពើហិង្សានេះបណ្តាលឱ្យបុរសម្នាក់ស្លាប់ អាយុ​ប្រហែល​​២០ឆ្នាំ ។ មន្ត្រីសន្តិសុខនិយាយថា មិនទាន់ដឹងច្បាស់ថា អ្នកណាជា​អ្នកទទួល​ខុសត្រូវ ចំពោះការស្លាប់នេះទេ ។

ធនាគារបានក្លាយជាគោលដៅរបស់មហាជននេះ ដោយសារ​កំហឹងអំពីការបង្កប្រាក់​បញ្ញើរបស់​ពួកគេ ។

ក្រុមអ្នកតវ៉ា នៅភាគខាងត្បូងទីក្រុងស៊ីដូន (Sidon) បានស្រែកថា “បដិវត្តន៍” ហើយគប់គ្រាប់​បែក​សាំងទៅលើអគារអគារធនាគារកណ្តាលមួយកន្លែង និងបានដុតភ្លើង​បំផ្លិចបំផ្លាញ នៅផ្នែកខាងក្រៅ ។

នៅទីក្រុង Beirut បាតុកររាប់សិបនាក់បានដើរជាក្បួន នៅទូទាំងទីក្រុង អ្នកខ្លះពាក់ម៉ាស់ ខណៈកំពុងស្រែកប្រឆាំងនឹងប្រព័ន្ធហិរញ្ញវត្ថុ ហើយស្រែកឱ្យប្រជាជនលីបង់ ចូលរួម​បាតុកម្ម​នេះ​ឲ្យបានកាន់តែច្រើន ។ ក្រោយមក ហ្វូងមនុស្សទាំងនោះ បានគ្រវែងដុំថ្មទៅកងកម្លាំង​សន្តិសុខ ដែលឈរនៅខាងមុខធនាគារកណ្តាលនោះ ។

ភាពវឹកវរដែលកំពុងកើនឡើងនេះ បានគំរាមកំហែងដល់ប្រទេសលីបង់ ឱ្យកាន់តែមាន​វិបត្តិធ្ងន់ធ្ងរ​ជាងនេះ​បន្ថែមទៀត ខណៈរដ្ឋាភិបាលទីក្រុង Beirut កំពុងស្វះស្វែងរកអនុម័ត​ផែនការជួយសង្គ្រោះសេដ្ឋកិច្ច និងកំពុងចូលដល់ដំណាក់កាលចរចាជាមួយ​ម្ចាស់​បំណុលបរទេស បន្ទាប់ពីការខកខានមិនបានបំពេញ​កាតព្វកិច្ចបំណុលដ៏ច្រើន​របស់ខ្លួន កាលពីខែមុន។

លោកនាយករដ្ឋមន្រ្តី Hassan Diab បានជំរុញឱ្យ បាតុករចៀសវាងអំពើហិង្សា និងបានថ្លែងថា“ ចេតនាអាក្រក់ នៅពីក្រោយបាតុកម្មនេះ”កំពុង“ធ្វើឱ្យមានអស្ថិរភាព” ។ 

លោក Diab បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងកំពុងប្រឈមមុខ​ជាមួយ​ការពិត​ថ្មីមួយ, ការពិតថ្មីមួយ​ដែល​ជាវិបត្តិសង្គម និងការរស់នៅរបស់ប្រជាជន កំពុងតែឆ្ពោះ​ទៅរកវិបត្តិ​យ៉ាងឆាប់រហ័ស​ ជាពិសេស​ ជាមួយនឹងការ​កើនឡើងអត្រាប្តូរប្រាក់​ដុល្លារឡើង​ដល់កម្រិតកំពូលនៅក្នុង​ផ្សារងងឹត ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9176837