ភ្នំពេញ៖ លោកគ្រូអ្នកគ្រូនៅតាមសហគមន៍ បានចុះផ្សព្វផ្សាយកម្មវិធីសិក្សាពីចម្ងាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដាក់កិច្ចការសម្រាប់សិស្សរៀននៅផ្ទះ និងអំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ជួយជំរុញកូនឱ្យរៀននៅផ្ទះដោយខ្លួនឯង ដើម្បីធានាបានថា សិស្សានុសិស្សនៅតែទទួលបានការអប់រំប្រកបដោយប្រសិទ្ធភាព បើទោះបីជាសាលារៀនត្រូវបានពន្យារពេលចូលរៀន ដោយសារជំងឺកូវីដ១៩ក្ដី។ នេះបើតាមហ្វេសប៊ុកក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។
ក្រសួងអប់រំ យុវជន និងកីឡា ទើបដាក់ចេញនូវសេចក្ដីណែនាំស្ដីពី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សានុសិស្សកម្រិតមត្តេយសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដើម្បីឱ្យសិស្សអាចបន្តរៀននៅតាមផ្ទះ ក្រោមការជួយសម្របសម្រួលពីមាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន។
ទន្ទឹមនឹងនេះផងដែរនោះ ក្រសួងក៏កំពុងខិតខំប្រែង ព្រមទាំងសហការជាមួយដៃគូពាក់ព័ន្ធដើម្បីផលិតវីដេអូមេរៀន សម្រាប់បម្រើដល់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះផងដែរ សំដៅធ្វើយ៉ាងណាឱ្យការអប់រំប្រកបដោយសមភាព និងបរិយាបន្ន៕ ដោយ៖ ប៊ុនធឿន