តាមការចេញផ្សាយរបស់ប្រភពព័ត៌មានរ៉យទ័រ បានអះអាងថា កូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) បានសម្លាប់ពលរដ្ឋ នៅប្រទេសបារាំង ជិត ២៤ ០០០ នាក់ គិតត្រឹមថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២០ ។
នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានលម្អិតអំពីផែនការរដ្ឋាភិបាល នៅក្នុងការចាប់ផ្តើមបន្ធូរបន្ថយការចាក់សោ ឬបិទប្រទេស ដែលចាប់ផ្តើម តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីដ១៩នោះផងដែរ ។
នាយករដ្ឋមន្ត្រីបារាំង បានថ្លែងថា ប្រទេសបារាំងដែលមានពលរដ្ឋបាត់បង់ជីវិតច្រើនបំផុតលំដាប់ទី៤ នៅលើលោក ដោយសារតែវីរុសនេះ។ បារាំងអាចនឹងធ្វើព្រាងគោលការណ៍ថ្មីមួយ ដើម្បីធ្វើតេស្ត COVID-19 ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅពេលដែលមានការចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្ដឹងច្បាប់ចាក់សោ ឬបិទប្រទេសនោះ។
ប៉ុន្តែទោះបីយ៉ាងណា លោកនាយករដ្ឋមន្ត្រី បានព្រមានថា អាជ្ញាធរអាចនឹងប្តូរទិសដៅ បើសិនចំនួនប្រចាំថ្ងៃ កើនឡើងលើស ៣ ០០០ ករណីជាថ្មី ដូចកាលពីថ្ងៃចន្ទកន្លងទៅនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា ករណីថ្មីមាន ១ ៥២០ នាក់ ធ្វើឲ្យប្រទេសនេះមានអ្នកផ្ទុកវីរុស សរុបកើនដល់ ១២៩ ៨៥៩នាក់ ។ ក្នុងអំឡុងពេល១៥ថ្ងៃកន្លងទៅនេះ ករណីប្រចាំថ្ងៃ កើនឡើងជាង ៣ ០០០ ករណីមានចំនួន២ដង ខណៈក្រៅពីនោះ គឺកើនឡើងជាង២ ០០០ ករណី ប្រចាំថ្ងៃដែលបានកត់ត្រា ។
សរុបមក តួលេខអ្នកជំងឺនៅក្នុងប្រទេសបារាំង មាន ១២៩ ៨៥៩ នាក់ ក្នុងនោះបាត់បង់ជីវិត ២៣ ៦៦០ នាក់ និង ៤៦ ៨៨៦ នាក់បានជាសះស្បើយ ។
គួរបញ្ជាក់ថា វីរុសកូវីដ១៩ នៅទូទាំងពិភពលោកបានឆ្លងសរុប ៣ ០៨៣ ៤៦៧ នាក់ ក្នុងនោះបាត់បង់ជីវិត ២១៣ ៨២៤ នាក់ និង ៩១៥ ៩៨៨ នាក់បានជាសះស្បើយ ។ ជំងឺនេះបាននិងកំពុងឆ្លងនៅលើដែនដី និងប្រទេស សរុប២២៥ ហើយអាមេរិកជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត ៕ ប្រែសម្រួលដោយ៖ thach yat