បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ១៩ រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ កើនឡើង ៤១ ៩០៤នាក់ ក្នុងនោះស្លាប់១៤៧៧នាក់ និងជាសះស្បើយ ១០ ៤៩៩នាក់។
សិង្ហបុរី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លងកើនឡើងដល់ ១៤ ៩៥១ នាក់ ក្នុងនោះស្លាប់១៤នាក់ និងជាសះ១០៩៥នាក់។ បន្ទាប់ពីសិង្ហបុរី គឺឥណ្ឌូនេស៊ី មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៩៥១១នាក់ ក្នុងនោះស្លាប់ ៧៧៣នាក់ និងជាសះស្បើយ ១២៥៤នាក់។ ឥណ្ឌនេស៊ី មានអ្នកស្លាប់ ដោយកូវីដ១៩ច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង១០ នៅតំបន់អាស៊ាន។
ដោយឡែកហ្វីលីពីន ថ្វីបើប្រធានាធិបតី លោក Duterte ចាត់វិធានការយ៉ាងតឹងរ៉ឺង រហូតដល់ជនណាម្នាក់ល្មើសនឹងបម្រាមកូវីដ១៩ធ្ងន់ធ្ងរ អនុញ្ញាតឲ្យប៉ូលិសបាញ់សម្លាប់ចោលក្ដី តែប្រទេសនេះនៅតែមានចំនួនអ្នកស្លាប់ច្រើន នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី។ រហូតមកដល់វេលាខាងលើនេះ ហ្វីលីពីន មានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៩៥៨នាក់ ក្នុងនោះស្លាប់៥៣០នាក់ និងជាសះស្បើយ៩៧៥នាក់។
ដោយឡែកប្រទេសម៉ាឡេស៊ី មានអ្នកឆ្លងចំនួន៥៨៥១នាក់ ក្នុងនោះស្លាប់១០០នាក់ និងជាសះស្បើយ៤០៣២នាក់។ ថៃមានអ្នកឆ្លង២៩៣៨នាក់ ក្នុងនោះស្លាប់៥៤នាក់ និងជាសះស្បើយ២៤៣០នាក់។ វៀតណាម មានអ្នកឆ្លង ២៧០នាក់ ក្នុងនោះជាសះស្បើយ ចំនួន២២៥នាក់។
ប្រទេសមីយ៉ានម៉ា មានអ្នកឆ្លងកើនឡើង ១៤៦នាក់ ក្នុងនោះស្លាប់៥នាក់ និងជាសះស្បើយ១៦នាក់។ ប៊្រុយណេ មានអ្នកឆ្លង ១៣៨នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ១២៤នាក់។