គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា បានច្រានចោលសំណើរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ សុំផ្អាកថ្ងៃឈប់សម្រាកសាធារណៈចំនួន៤ នៅក្នុងខែឧសភា ដោយសារការព្រួយបារម្ភអំពីការឆ្លងមេរោគ។
មជ្ឈមណ្ឌលគ្រប់គ្រងកូវីដ១៩ បានដាក់សំណើរទៅកាន់គណ:រដ្ឋមន្រ្ដី សម្រាប់សុំផ្អាកថ្ងៃឈប់សម្រាកចំនួន៤ថ្ងៃ នៅក្នុងខែឧសភា រួមមាន ថ្ងៃទី១ (ទិវាពលកម្ម) ថ្ងៃទី៤ (ថ្ងៃឡើងគ្រងរាជ) ថ្ងៃទី៦ (វិសាខបូជា) និងថ្ងៃទី១១ (ច្រត់ព្រះនង្គ័ល)។ មជ្ឈមណ្ឌលគ្រប់គ្រងកូវីដ១៩ យល់ឃើញថា ប្រសិនបើមានការអនុញ្ញាតឲ្យឈប់សម្រាក រយ:ពេលយូរ ពលរដ្ឋនឹងធ្វើដំណើរទៅ កាន់ទីផ្សេងៗ នាំឲ្យមានការព្រួយបារម្ភអំពីការឆ្លងវីរុស។ ប៉ុន្ដែសំណើនេះត្រូវបានគណ:រដ្ឋមន្រ្ដី ច្រានចោល។
ថៃ បានចេញបទបញ្ជាយ៉ាងតឹងរឹង ចាប់តាំងពីការផ្ទុះរីករាលដាល នៃវីរុសកូវីដ១៩ ហើយត្រូវដាក់ប្រទេសក្នុងគ្រាអាសន្ន។ នេះជាវិធានការដ៏ល្អមួយ សម្រាប់ទប់ស្កាត់នូវការឆ្លងរាតត្បាត នៃវីរុសកូរ៉ូណា។
បើគិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានការឆ្លងវីរុសកូវីដ១៩ ចំនួន២៩៣៨ករណី ក្នុងនោះស្លាប់៥៤ និងជាសះស្បើយ២៦៥២នាក់៕ ប្រែសម្រួលដោយ Nuon