ពលរដ្ឋខ្មែរជាច្រើន កំពុងបង្ហាញក្តីបារម្ភ ខ្លាចធនាគារធ្វើការរឹបអូសទ្រព្យសម្បត្តិ និងផ្ទះសម្បែង ស្របពេលស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ ហាក់ធ្លាក់ចុះខ្លាំង ក្រោយមានផ្ទុះករណីជំងឺកូវីដ១៩ ដោយមួយចំនួនប្រឈម មិនអាចរកលុយបង្គ្រប់សងធនាគារ ក្នុងអំឡុងនេះបាន។
ពលរដ្ឋមានរបរផ្ទាល់ខ្លួន មិនមែនធ្វើការងារក្រុមហ៊ុន គឺកំពុងជួបផលវិបាកខ្លាំងនៅពេលនេះ ក្នុងនោះក្រុមអ្នករត់ម៉ូតូកង់បី ក៏បានលើកឡើងពីគោលការណ៍ និងលក្ខខណ្ឌសម្របសម្រួលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន មិនមានការយោគយល់ ពន្យារពេលសងការប្រាក់ ឬបន្ធូរបន្ថយការបង់រំលោះ ឱ្យបានតិចជាងមុនឡើយ។
លើសពីនេះធនាគារមួយចំនួនទៀត បានប្រើប្រាស់នូវលក្ខខណ្ឌបង់រំលោះ សម្រាប់អ្នកជំពាក់បំណុល ដោយតម្រូវឱ្យពួកគេ ខ្ចីលុយធនាគារបន្ថែម ដើម្បីបង្វិលសងបំណុលចាស់ ខណៈខ្លះទៀត បានធ្វើការពន្យារពេលបង់ការប្រាក់ ក្នុងរយៈពេល៣ខែ ប៉ុន្តែត្រូវសងសរុប ទាំងការនិងដើមក្នុងខែទី៤វិញ។ នេះជាការលើកឡើងរបស់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងមានបញ្ហាហិរញ្ញវត្ថុ។
លោក វណ្ណា សារ៉ាត់ អាយុ៣៣ឆ្នាំ រស់នៅទីក្រុងភ្នំពេញ មានរបរជាអ្នករត់កង់បី បានសម្តែងភាពអស់សង្ឈឹម ខណៈពេលរកលុយមិនបាន សម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងផ្ទះ និងបង់រំលោះធនាគារផង។
លោកបានប្រាប់ TNAOT APP យ៉ាងដូច្នេះថា «កន្លងមកមិនបានទទួលការសម្របសម្រួលពីខាងធនាគារទេ។ ខ្ញុំបានសំណូមពរសុំបង់តែប្រាក់ដើម ដោយមិនបង់ប្រាក់ការទេ ព្រោះរដូវកូវីដនេះ យើងរកកង់បីវាមិនសូវបាន តែរហូតមកដល់ឥឡូវ នៅតែមិនមានការសម្របសម្រួលពីខាងធនាគារទេ គឺប្រាក់នៅតែបង់ជារៀងរាល់ខែដដែល»។
លោកថា ដោយមើលឃើញពីផលលំបាករបស់អ្នករត់ Pass App រូបនេះ មន្ត្រីភ្នាក់ងារឥណទានរបស់មីក្រូហិរញ្ញវត្ថុមួយ បានណែនាំឱ្យគាត់ខ្ចីលុយធនាគារបន្ថែមទៀត ដើម្បីបង្វិលសងលើបំណុលចាស់ ហើយចាប់ផ្តើមគិតគូរទៅលើការសងបំណុលថ្មី។
ជាមួយគ្នានេះ អ្នកបើកបរម៉ូតូសណ្តោងកង់បី លោក យ៉ៅ សំអ៊ុល អាយុ ៤៩ឆ្នាំ រស់នៅទីក្រុងភ្នំពេញបានឱ្យដែរដឹងថា លោកជំពាក់ធនាគារ ៥០០០ដុល្លារ ហើយត្រូវសងរំលោះរយៈពេល ៣ឆ្នាំ។ លោកក៏ថា បានទាក់ទងធនាគារដែរ ដើម្បីពន្យារពេលសងបំណុល ប៉ុន្តែខាងធនាគារនៅតែមិនព្រម។
ដោយមើលឃើញ មិនមានការជួយសម្របសម្រួល ពីខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួនយ៉ាងដូច្នេះ អង្គការសង្គមស៊ីវិលបានចាត់ទុកថា ការប្រើគោលការបែបនេះ ពីខាងធនាគារ គឺគ្មានការអនុគ្រោះដល់ក្រុមអ្នកប្រឈមឡើយ ក្នុងស្ថានភាពប្រទេសកំពុងកើតមានវិបតិ្តកូវីដ។
លោក ហ៊ាង វិទ្យា ប្រធានសមាគមអាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព បានលើករកឃើញថា សមាជិករបស់លោក ៨០% សុទ្ធតែជំពាក់បំណុលធនាគារ ហើយពួកគេមានភាពយ៉ាប់យឺត ក្នុងការរកលុយដើម្បីចំណាយថ្លៃជួលផ្ទះ ទឹកភ្លើង អាហារប្រចាំថ្ងៃ និងសងបំណុលធនាគារ។
លោកថា មានធនាគារមួយចំនួន បានប្រើប្រាស់គោលការពន្យារពេល បង់រំលោះរយៈពេល ៣ខែ ហើយត្រូវសងវិញ សរុបទាំងការ ទាំងដើមនៅខែទី៤។
“អាហ្នឹងគេមែនហៅថាជួយទេ ! សូមឲ្យធនាគារពិចារណាឡើងវិញ បើតបតាមការអំពាវនាវរបស់សម្តេចតេជោ គឺសុំធនាគារយោគយល់ប្រជាពលរដ្ឋ ឱ្យគ្នាបានរស់ផង”។ នេះជាការលើកឡើងរបស់ប្រធានសមាគមរូបនេះ។
លោកបញ្ជាក់ថា ករណីនេះ មិនមែនទូទៅក៏ពិតមែន ប៉ុន្តែព័ត៌មានលោកទទួលបាន ពេលធនាគារព្រមលើកពេលបង់សងត្រឡប់ទៅវិញ ត្រូវឲ្យធ្វើបែបនេះ គឺបង់ទាំង ៤ខែតែម្តង។
ឆ្លើយតបបញ្ហានេះដូចគ្នា អ្នកអង្កេតស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា លោកយ៉ន សុភារិទ្ធិ និងជាស្ថាបនិក Bizkhmer Media អះអាង នៅមិនបានដឹងច្បាស់ពីកម្រិតប៉ះពាល់ រវាងអ្នកជំពាក់បំណុលជាមួយ ខាងវិស័យធនាគារ មានទំហំប៉ុន្មានណានោះទេ ប៉ុន្តែបើសិនមានរឿងកើតឡើងបែបនេះ លោកគិតថា បងប្អូនជាម្ចាស់អាជីវកម្ម ត្រូវតែមានភាពឆ្លាតវៃក្នុងការគិតពិចារណា។
លោកថា ធនាគារនៅស្រុកយើងមួយចំនួនធំ ខ្លះក៏ខ្ចីគេមកពីក្រៅដែរ គេក៏មានបន្ទុកដូចគ្នាដែរ។ អ្វីសំខាន់ពេលនេះ យើងត្រូវមានភាពឆ្លាតវៃខ្លួនឯង មិនត្រូវយកបន្ទុកមកដាក់ថែមទេ គួរចេះសម្រាលបន្ទុកតាមរយៈការរង់ចាំឱកាសល្អ នៅពេលសេដ្ឋកិច្ចល្អឡើងវិញ បើមិនចឹងទេយើង គឺអាចរង់ចាំមើលជំនួយពីរដ្ឋាភិបាល។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីប្រចាំកម្ពុជា បានប្រកាសឱ្យបណ្តាធនាគារ គួរមានការយោគយល់ ពន្យារពេលបង់រំលោះប្រាក់បំណុល ខណៈរាជរដ្ឋាភិបាលបានឈ្វេងយល់ថា ស្ថានភាពកូវីដ១៩ នៅកម្ពុជា អាចធ្វើឱ្យមានការធ្លាក់ចុះនូវប្រាក់ចំណូលលើវិស័យអាជីវកម្ម។
ជាមួយគ្នានេះ ក្រុមអ្នកប្រកបមុខរបរខ្នាត់តូច ដែលជាប់បំណុតធនាគារបានចាត់ទុកថា គោលការសម្របសម្រួល របស់ធនាគារមួយចំនួន ទាក់ទងនិងការសងប្រាក់បំណុល គឺវាមិនបានឆ្លើយតបទៅ និងការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលឡើយ៕ ដោយ៖ ឃួន លក្ខិណា