ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានធ្វើការណែនាំដល់មន្ត្រីនគរបាលជាតិ ឲ្យយកចិត្តទុកដាក់ផ្តោតលើការសិក្សា ការរៀនសូត្រ ត្រូវមានវិន័យ និងសីលធម៌ល្អ ដើម្បីយកទៅអនុវត្តការងារជាក់ស្តែងបានល្អតាមអង្គភាពរៀងៗខ្លួន។
លោកអគ្គស្នងការរងនគរបាលជាតិ ធ្វើការណែនាំបែបនេះ ក្នុងពិធីបើកវគ្គបំប៉នសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ដែលធ្វើឡើងនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងែទី២៨ ខែ មេសា ឆ្នាំ២០២០។
ក្រោយពីបញ្ចប់ពិធីបើកវគ្គបំប៉នសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជើញចែកម៉ាស ស្រោមដៃ និងទឹកអាល់កុលជូនដល់ការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ ដើម្បីយកទៅចែកជូនដល់មន្ត្រី ដែលត្រូវចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។
ក្នុងសេចក្តីជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែមេសា ក៏បានណែនាំកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស អនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់៕ ដោយ៖ ផេង ភាព