ស្រី្ត – ស្រី – សិរី
នេះនឹងសម្ដែង បរិយាយចារចែង ដើមបទអដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត ។ ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត មង្គលប្រាំបី ឲ្យស្រីពិនិត្យ ចាំយកជាក្រឹត្យ គ្រប់រូបស្រីៗ។ដើមបទព័ណ៌នា៖
១.លោកថាស្រីជា សុចរិតភក្តី ឫករាបស្រគត់ ផ្គង់ផ្តត់សម្ដី ការកេរ្តិ៍ខ្មាសស្រី បរិសុទ្ធមែនមួន ។
២.លោកថាស្រីត្រង់ កាន់សុចរិតផ្គង់ គំនិតចេះស្ងួន អស់ទ្រព្យសម្បត្តិ ប្រយ័ត្នថែធួន ទុកដាក់ខ្ជាប់ខ្ជួន មិនមានប្រមាទ ។
៣.លោកថាស្រីគាប់ កាន់សុចរិតខ្ជាប់ ឧស្សាហ៍សង្វាត ធ្វើការសន្សំ តឿនខ្ញុំឲ្យឃ្មាត ឲ្យខ្មីសង្វាត មិនមានស្ងៀមដៃ ។
៤.លោកថាស្រីប្រាជ្ញ សុចរិតអង់អាច ចេះអធ្យាស្រ័យ ញាតិព្រៀងទៅមក រាប់រករួសវៃ ទោះជនដទៃ ក៏រាប់តាមពិត ។
៥.លោកថាស្រីស្អាត សុចរិតគ្មានឃ្លាត មែនមានគំនិត ចេះរៀបអាហារ ភ្នាក់ងារស្រីពិត រណ្តាប់ផ្គាប់ចិត្ត ប្តីគ្រប់វេលា ។
៦.លោកថាស្រីស្មោះ កាន់សុចរិតឆ្ពោះ ចាំចិត្តស្នេហា តែនឹងអង្គប្តី ឥតបីរេរា ស្ម័គ្រស្មោះស្មើជា និត្យនៅរៀបរៀង ។
៧.លោកថាស្រីស្លូត សុចរិតរហូត អបអត់ឥតល្អៀង តាមពាក្យប្តីផ្តាំ ចងចាំទុកទៀង ពោលពាក្យមិនឃ្លៀង មិនឃ្លាតសត្យា ។
៨.លោកថាស្រីស្មើ សុចរិតស័រពើ អាចរងធានា ទម្ងន់ចិត្តប្តី ទោះបីទុក្ខា ខ្សត់ក្រម្ដេចម្តា អាចទទួលប្រាណ ។
កាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ថ្លែងអំពីសុចរិត ៨ ប្រការជាមង្គលរបស់ស្រី ។