ភ្នំពេញ៖ ច្បាប់ចំនួន ២ ដែលកំពុងដាក់ពិនិត្យ គឺបង្កើតឡើងក្នុងគោលបំណងដើម្បីឱ្យអ្នកវិនិយោគមានទំនុកចិត្តក្នុងការមករកស៊ីនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យឆ្លងសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធ មហាប្រល័យ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញផ្នែកច្បាប់ និង អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងរយៈកាលកន្លងមក កម្ពុជាត្រូវបានគេដាក់ជាប្រទេសក្នុងបញ្ជីប្រផេះ ដែលបណ្តាប្រទេសទាំងនេះ គឺជាប្រទេសមានហានីភ័យខ្ពស់ ដែលនេះជាហេតុមួយបានធ្វើឱ្យអ្នកវិនិយោគជាច្រើនមានការរារែក សម្រាប់ការធ្វើវិនិយោគរបស់ខ្លួននៅកម្ពុជា។
សម្ដេឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងបន្ថែមថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការវិវត្តន៍សង្គមផង និងដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិ ដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ផង។ ដោយកម្ពុជាត្រូវតែវិវឌ្ឍន៍ខ្លួនឱ្យផុតពីប្រទេសក្នុងបញ្ជីប្រផេះ តាមរយៈការបង្កើតច្បាប់ទាំងពីរនេះឱ្យចេញជារូបរាង ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិយោគទាំងឡាយ៕ ដោយ៖ តារា