ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា ទទក២(TVK2) នឹងបន្តផ្សាយកម្មវិធីអប់រំពិសេសៗបន្ទាប់ពីជំងឺកូវីដ១៩ស្ងប់ស្ងាត់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ។
តាម AKP ដែលបានដកស្រង់សំដីលោករដ្ឋមន្ត្រី ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៨ខែមេសានេះ ក្រសួងព័ត៌មាន និងក្រសួងអប់រំសហការគ្នាបង្កើតកម្មវិធីសិក្សាពីចម្ងាយតាមរយៈទូរទស្សន៍ ទទក២ (TVK2)នេះ នឹងនៅតែបន្តផ្សាយកម្មវិធីសិក្សាពីចម្ងាយទោះបីជំងឺកូវីដ១៩ចប់លែងរាតត្បាតបន្តទៅទៀតក៏ដោយ ប៉ុន្តែមិនផ្សាយពេញម៉ោងទៀតទេ ទទក២នេះនឹងផ្តោតតែលើកម្មវិធីអប់រំពិសេសៗប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា «ទទក២ ឬTVK2នេះជាវិធីមួយសម្រាប់ការអប់រំដូច្នេះយើងមិនអាចមានកម្មវិធីរៀនគ្រប់ម៉ោងទេ ប៉ុន្តែយើងអាចរៀនតែកម្មវិធីសម្រាប់ថ្នាក់ប្រឡងឬមួយថ្នាក់មុនប្រឡង ថ្នាក់ទី១១ឬ១២ យើងអាចនឹងរកគ្រូដែលជំនាញពូកែៗ គាត់នឹងមកបង្រៀន ខ្ញុំចង់និយាយនេះនៅពេលសាលាបើកធម្មតាវិញ អញ្ចឹងពេលនឹងយើងរកគ្រូគណិតដែលពូកែ យើងបង់លុយជូនគាត់ ហើយគាត់បង្រៀន ដល់ពេលនឹង ឱកាសមានដូចគ្នា បានន័យថា ធម្មតាគ្រូល្អគ្រូពូកែភាគច្រើននៅទីប្រជុំជន នៅជនបទគ្រូល្មម អញ្ចឹងបើយើងបើកឲ្យមានកម្មវិធីនេះបានគឺក្មេងនៅជនបទឆ្ងាយប៉ុណ្ណាក៏ដោយក៏គាត់មានឱកាសរៀនពីគ្រូពូកែនឹងដែរ»។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានយ៉ាងដូច្នេះ «គ្រូៗក៏អាចលួចបច្ចេកទេសរៀនពីគ្រូពូកែនឹងដែរដូច្នេះអានឹងយើងនឹងផ្តោតពេល(ជំងឺកូវីដ-១៩)ទៅធម្មតាវិញ យើងនឹងផ្តោតតែលើថ្នាក់ប្រឡង នឹងថ្នាក់មុនប្រឡងមួយឆ្នាំ អាស្រ័យលើការពិគ្រោះជាមួយមាតាបិតាសិស្ស ជាមួយសិស្សនិងជាមួយលោកគ្រូបង្រៀន ដើម្បីជជែកគ្នាជាមួយក្រសួងអប់រំ»៕ ដោយ៖ ប៊ុនធឿន