យន្តហោះចារកម្មយ៉ាងតិច៦គ្រឿងរបស់កងកម្លាំងយោធាកូរ៉េខាងត្បូង និងយន្តហោះចារកម្មរបស់អាមេរិក បានធ្វើប្រតិបត្តិការហោះហើរ នៅលើដែនអាកាស នៃឧបទ្វីបកូរ៉េកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។
ការហោះហើរនេះ ត្រូវបានចាត់ទុកថា ដើម្បីត្រួតពិនិត្យ ឬឈ្លបយកការណ៍ទៅលើកូរ៉េខាងជើង ខណៈដែលកំពុងមានពាក្យចរចាមអារ៉ាមជាច្រើន ជុំវិញបញ្ហាសុខភាពរបស់មេដឹកនាំគីម ជុងអ៊ុននោះ ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មានកូរ៉េខាងត្បូង Arirang នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។
តាមប្រភពពីគេហទំព័រតាមដានសកម្មភាពយន្តហោះយោធា បានបញ្ជាក់ថា យន្តហោះអាមេរិក៣គ្រឿង U.S. RC-12 Guardrail ដែលជាយន្តហោះចារកម្ម, យន្តហោះប្រភេទ Joint Stars មួយគ្រឿង និងយន្តហោះ ប្រភេទ EO-5C Crazy Hawk មួយគ្រឿង ត្រូវបានដឹងថា បានធ្វើប្រតិបត្តិការហោះហើរ នៅលើឧបទ្វីបកូរ៉េ ។
ទោះជាយ៉ាងណា កម្លាំងយោធាជើងអាកាសកូរ៉េខាងត្បូង មិនបានបញ្ជាក់ថា យន្តហោះរបស់ខ្លួនប្រភេទអ្វីនោះឡើយ ប៉ុន្តែគេសង្ស័យថា ប្រហែលជាយន្តហោះឈ្លបយកការណ៍ Baekdu ត្រូវបានបញ្ជូនឲ្យទៅធ្វើប្រតិបត្តិការ នៅថ្ងៃជាមួយគ្នានោះដែរ ៕ ប្រែសម្រួលដោយ៖ thach yat