ភ្នំពេញ៖ មូលនិធិបន្ថែមចំនួន ១,៥លានដុល្លារ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្ដល់ជូនរាជារដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្នុងឱកាសនេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក មានប្រវត្តិដ៏យូរក្នុងការធ្វើការរួមគ្នា ជាដៃគូប្រកបដោយផលិតភាព និងប្រសិទ្ធភាព ក្នុងការពង្រឹងនូវប្រព័ន្ធសុខាភិបាល ដោះស្រាយនូវជំងឺឆ្លងផ្សេងៗ និងលើកកម្ពស់សមិទ្ធផលសុខាភិបាល សម្រាប់ប្រជាជនកម្ពុជា នៅក្នុងតំបន់ និងលើពិភពលោក”។
ស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែមេសានេះ បានឲ្យដឹងថា តាំងពីពេលចាប់ផ្តើមនៃការផ្ទុះមេរោគរាតត្បាតនេះមក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង ៣,៥ លានដុល្លារ ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងផ្តល់ការគាំទ្រដល់ការសង្គ្រោះជីវិតមនុស្ស ដោយធ្វើការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូមនុស្សធម៌អន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងស្រុកដទៃទៀត៕ ដោយ៖ តារា