ភ្នំពេញ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោគ នឹងធ្វើការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ដើមខែឧសភា ឆ្នាំ២០២០នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងស្តីពី ការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០២០នេះ។
សេចក្តីជូនដំណឹងបានឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស នឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយស្មារតីទទួលខុសត្រូវ តម្លាភាព គ្មានការលើកលែង និងមានសីលធម៌វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឹងម៉ាត់។
តាមរយៈសេចក្តីជូនដំណឹងនោះអគ្គស្នងការនគរបាលជាតិ បានអំពាវនាវ និងសំណូមពរយ៉ាងទទួច ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារ អាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទុសត្រូវខ្ពស់៕ ដោយ៖ ប៊ុនធឿន