គណៈកម្មការកិច្ចការបរទេសរបស់សភាអាមេរិក HFAC កាលពីថ្ងៃទី២៧ ខែមេសា បានប្រកាសថា ខ្លួននឹងបើកការស្រាវជ្រាវទៅលើការសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធការកាត់ជំនួយដល់អង្គការសុខភាពពិភពលោក (WHO) ។
ជាមួយគ្នានេះដែរ ក្រសួងការបរទេសអាមេរិក មានរយៈពេល១សប្តាហ៍ ដើម្បីផ្តល់ព័ត៌មាន ពាក់ព័ន្ធការសម្រេចកាត់ជំនួយរបស់អាមេរិក ទៅលើអង្គការ WHO ក្នុងពេលកំពុងប្រឈម ការឆ្លងរាលដាលកូវីដ១៩។
នៅក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ប្រធាន HFAC លោក Eliot Engel បានបញ្ជាក់ថា បើទោះបី WHO មិនល្អ យើងគាំទ្រឲ្យកែប្រែ ប៉ុន្តែបើកកាត់ជំនួយដល់អង្គការនេះ ក្នុងពេលកំពុងប្រឈមវិបត្តិ ជារឿងមិនអាចទទួលយកបានឡើយ។ទាំងនោះមិនមែនជាដំណោះស្រាយឡើយ។
ជាមួយគ្នានេះដែរលោក Eliot Engel បានស្នើក្រសួងការបរទេស ផ្តល់ឯកសារពាក់ព័ន្ធ ដល់ការសម្រេចរបស់ប្រធានាធិបតីដូណាល់ ត្រាំ លុបជំនួយដល់ WHO ឲ្យបានមុនថ្ងៃទី៤ ខែឧសភា។
បើតាមសារព័ត៌មានរ៉យទ័រ គឺឯកសារដែល HFAC ចង់បានគឺមានទាំងរបាយការណ៍នៃកិច្ចប្រជុំពាក់ព័ន្ធ ជុំវិញជំនួយដល់ WHO តាំងពីថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
នៅថ្ងៃទី១៤ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្អាកជំនួយដល់ WHO ដោយចោទប្រកាន់អង្គការនេះលម្អៀងទៅខាងចិន ដោយជួយបិទបាំងចិន ពាក់ព័ន្ធកូវីដ១៩។ ដោយឡែកចិនវិញ បានប្រកាសថា ចិនបានផ្តល់ព័ត៌មានមានតម្លាភាព មិនមានអ្វីលាក់បាំងឡើយ៕ ប្រែសម្រួលដោយ៖ MEO