យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងដែលប្រឆាំងនាវាមុជទឹក បានធ្វើសកម្មភាពហោះចូលកៀកនាវាផ្ទុកយន្តហោះអាមេរិក។ ប៉ុន្តែអាកាសយានិករបស់យន្តហោះចម្បាំងអាមេរិក បានសម្តែងនូវអាកប្បកិរិយាមានវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ដោយមិនបានបញ្ចេញសកម្មភាពអ្វីតបតនោះឡើយ គ្រាន់តែតាមឃ្លាំមើល ដោយយកចិត្តទុកដាក់តែប៉ុណ្ណោះ ។
បើតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន Sputnik កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា អាកាសយានិកអាមេរិកបានបើកយន្តហោះទៅស្ទាក់ការមកដល់របស់យន្តហោះរបស់រុស្ស៊ី ។ សកម្មភាពរបស់អាកាសយានិកអាមេរិក ត្រូវបានចាត់ទុកថា ប្រកបដោយអាកប្បកិរិយាវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ គឺគ្រាន់តែហោះតាមយន្តហោះរុស្ស៊ី និងមានការប្រុងប្រយ័ត្ន ដោយ មិនបានធ្វើសកម្មភាពអ្វីតបតនោះទេ ។
ប្រភពបានបញ្ជាក់ថា វីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញ YouTube កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដោយមិនបានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងនៅទីតាំងកន្លែងណានោះទេ គ្រាន់តែបង្ហាញយន្តហោះរុស្ស៊ីមួយគ្រឿង ប្រភេទ IL-38 ប្រឆាំងនាវាមុជទឹក បានចូលកៀកនាវាផ្ទុកយន្តហោះអាមេរិក USS George Washington ។ យន្តហោះរុស្ស៊ីនៅតែហោះហើរយ៉ាងលឿន ចូលទៅកៀក បើទោះបីកំពុងតែច្រឡំបល់យ៉ាងណាក៏ដោយ ។
អ្នកដែលបង្ហោះវីដេអូនោះ បានកត់សម្គាល់ថា យន្តហោះចម្បាំងរបស់នាវាផ្ទុកយន្តហោះអាមេរិក គឺអាចស្ទាក់ចាប់បានតែយន្តហោះរុស្ស៊ីដែលហោះហើរ ក្នុងល្បឿនយឺតចម្ងាយប្រហែល៣០គីឡូម៉ែត្រ ឆ្ងាយពីនាវាផ្ទុកយន្តហោះតែប៉ុណ្ណោះ ។
ទោះយ៉ាងណា ប្រភពបានកត់សម្គាល់អាកប្បកិរិយារបស់អាកាសយានិកសហរដ្ឋអាមេរិកនោះថា មានសភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ អំឡុងពេលដែលហោះហើរទៅស្ទាក់យន្តហោះរុស្ស៊ី ។ អាកាសយានិកអាមេរិកមិនបានធ្វើកាយវិការអាក្រក់ ឬបង្កសកម្មភាពគ្រោះថ្នាក់ណាមួយឡើយ ដោយគ្រាន់តែតាមពីក្រោយយន្តហោះរុស្ស៊ី និងប្រុងប្រយ័ត្នប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ thach yat