ភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គិឆាបឆេះបង្កការខូចខាតស្ទើរតែទាំងស្រុង កាលពីវេលាម៉ោង១២ និង៤០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល ។
លោក ព្រំ ចន្ថា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជួសជុល និងលក់ទូរស័ព្ទដៃ ជាម្ចាស់ផ្ទះ បានឲ្យដឹងថា កូនរបស់គាត់ បានឡើងទៅលេងនៅលើឡៅតឿ ចំណែកគាត់ និងប្រពន្ធបានដេកនៅនៅជាន់ផ្ទាល់ដី បន្ទាប់មកកូនប្រុសគាត់ បានយកដែកកេះដុតក្រដាសលេង។ បណ្ដាលឲ្យឆាបឆេះពូក និងសម្ភារប្រើប្រាស់ផ្សេងទៀតនៅ ក្នុងបន្ទប់ឡៅតឿ ហើយឆេះរាលពេញក្នុងផ្ទះយ៉ាងឆាប់រហ័សតែម្ដង ប៉ុន្តែភ្លាមៗនោះកូនប្រុសគាត់ បានរត់ចុះក្រោមរួច ទើបមិនបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងដល់ជីវិតឬរបួសដោយសារតែរលាកភ្លើងឡើយ។
ប្រភពដដែលបានបន្តថា នៅក្នុងហេតុការណ៍នោះគាត់រួមជាមួយអ្នកជិតខាងបាននាំគ្នាពន្លត់ដែរតែមិនរលត់ឡើយ រហូតមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ប៉ុន្តែទ្រព្រសម្បត្តិនៅក្នុងនោះរួមមានទូរសព្ទ ដៃប្រហែលចំនួន៥០០គ្រឿង ពូក១តម្លៃជាង៣០០ដុល្លារ កាតគ្រីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១មួយគ្រឿង រួមជាមួយគ្រឿងបន្លាស់ទូរស័ព្ទជាច្រើន និងលុយកាក់ និងសម្ភារប្រើប្រាស់ដទៃទៀត ព្រមទាំងសម្លៀកបំពាក់ផងត្រូវភ្លើងឆេះអស់។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលមានអគ្គីភ័យកើតឡើងកម្លាំងនគរបាលប៉ុស្តិ៍ និងខណ្ឌកំបូលបានចេញអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គីភ័យច្រើនគ្រឿងចេញទៅបាញ់ពន្លត់រហូតដល់រលត់ទៅវិញទាំងស្រុង ហើយមិនបានរាលដាលដល់ផ្ទះដ៏ទៃទៀតឡើយព្រោះផ្ទះមួយនេះស្ថិតនៅដាច់ឆ្ងាយពីគេ៕ ដោយ៖ សួង សាម