ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅថៃថ្ងៃនេះមាន ៩ករណីដែលជាតួលេខបង្ហាញថាចំនួនអ្នកឆ្លងប្រចាំថ្ងៃមានតិចបំផុត តាំងពីថ្ងៃទី២៧ ខែមករាមក។
រូបតំណាង
ចំនួនអ្នកឆ្លងវីរុសសរុបនៅក្នុងប្រទេសកើនឡើងដល់ ២៩៣១ករណី មានអ្នកស្លាប់ម្នាក់បន្ថែមទៀតដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៥២នាក់។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយមានចំនួន ២៦០៩នាក់ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ និងមានអ្នកជំងឺប្រមាណ ២៧០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។ អ្នកនាំពាក្យរបស់ CCSA គឺលោក Taweesin Visanuyothin បានមានប្រសាសន៍ថាអ្នកស្លាប់គឺជាស្ត្រីមេផ្ទះម្នាក់អាយុ ៦៤ឆ្នាំដែលមានជំងឺកង្វះឈាមក្រហមដែលសមាជិកគ្រួសារទាំង ៤នាក់ដទៃទៀតក៏បានឆ្លងជំងឺនេះផងដែរ។ ស្ត្រីរូបនោះបានទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យសហគមន៍មួយនៅភូកេតកាលពីថ្ងៃទី២ខែមេសាបន្ទាប់ពីគាត់មានអាការៈក្តៅខ្លួន ក្អក និងអស់កម្លាំង។ ប្រាំមួយថ្ងៃក្រោយមកគាត់បានត្រឡប់ទៅមន្ទីរពេទ្យម្តងទៀតហើយបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ១៩ ។ គាត់ត្រូវបានអនុញ្ញាតឱ្យចូលព្យាបាលភ្លាមៗ។ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ ហើយគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ ពេលដែលទៅដល់ទីនោះគាត់ត្រូវបានគេរកឃើញថា កំពុងផ្ទុកវីរុសកូវីដ១៩ធ្ងន់ធ្ងរ។ គាត់ត្រូវបានប្រកាសថាស្លាប់កាលពីម្សិលមិញ។ ស្ត្រីនោះគឺជាអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ដំបូងនៅភូកេតក្នុងចំណោមអ្នកឆ្លងទាំង ២០៧ករណី។ អ្នកជំងឺចំនួន១៦៨ នាក់នៅទីនោះបានជាសះស្បើយ ហើយនៅសល់ ៣៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលក្នុងនោះមានអ្នកជំងឺ ៣ករណីមានអាការៈធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត Taweesin បានមានប្រសាសន៍ថា ការជាសះស្បើយឡើងវិញចំនួន ២៦០៩ ករណីស្មើនឹង ៨៩.០១% នៃការឆ្លងទាំងអស់នៅក្នុងប្រទេស។ទោះជាយ៉ាងនេះក្តី រដ្ឋធានីបានកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុតរហូតមកដល់ពេលនេះគឺរួមមានខេត្តភូកេតនិងខេត្តNonthaburi ។ CCSA ក៏បានសម្រេចចិត្តនៅថ្ងៃនេះផងដែរលើរឿងស្នើសុំការពន្យារពេលថ្ងៃឈប់សម្រាកនៅថ្ងៃទិវាពលកម្ម (ថ្ងៃទី១ ឧសភា), ព្រះរាជពិធីឡើងគ្រងរាជ្យ (ថ្ងៃទី៤ ឧសភា), បុណ្យវិសាខបូជា (ថ្ងៃទី៦ ឧសភា) និងពិធីច្រត់ព្រះនង្គ័ល (ថ្ងៃទី ១១ ឧសភា)។ ការសម្រេចចិត្តគឺអាស្រ័យលើការយល់ព្រមរបស់គណៈរដ្ឋមន្រ្តីនៅថ្ងៃស្អែក។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul នៅថ្ងៃនេះបានច្រានចោលការលើកឡើងរបស់អាជីវកម្មមួយចំនួនដែលថារដ្ឋាភិបាលគិតថាគួរតែបន្ធូរបន្ថយការរឹតបន្តឹងលើការលក់ភេសជ្ជៈស្រវឹងដោយអនុញ្ញាតឱ្យលក់តាមអ៊ីនធឺណិត និងដឹកជញ្ជូនទំនិញគ្រឿងស្រវឹងទៅតាមផ្ទះដែលបានទិញ។ លោកបានមានប្រសាសន៍ថា វិធានការចាក់សោរតំបន់នៅតែចាំបាច់រហូតដល់ពេលមួយដែលគ្មានអ្នកឆ្លងជំងឺ ហើយអ្នកជំងឺទាំងអស់ត្រូវជាសះស្បើយអស់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ ភារ៉ា
ប្រភព៖ Thai PBS WORLD