ភ្នំពេញ៖ កម្មករ កម្មការិនីចំនួន៦០នាក់ផ្ទុះការតវ៉ាជាមួយថៅកែរោងចក្រទាមទារបើកប្រាក់ខែ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចរោងចក្រកាត់ដេរ យីហោជេអ៊ីនៅផ្លូវបេតុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ។
បើតាមសំដីរបស់កម្មករបានប្រាប់ក្រុមការងារ TNAOT APP ឲ្យដឹងថា ពួកគាត់ត្រូវបានថៅកែមិនបើកលុយឲ្យរយៈពេល២ខែមកហើយ ហើយសព្វថ្ងៃនេះសូម្បីតែលុយ ក៏គ្មានបង់ថ្លៃបន្ទប់ជួល និងថ្លៃទឹកថ្លៃភ្លើង និងបង់ធនាគារនោះទេ ទើបនៅព្រឹកមិញនេះពួកគាត់បានទាមទារសុំឲ្យថៅកែបើកលុយឲ្យ ស្រាប់តែថៅកែរោងចក្រខាងលើនេះបែរ ជារករឿងវាយតប់ពួកគាត់បង្ក ឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ និងធ្វើការសម្របសម្រួលជៀសវាងការប្រើហិង្សាដាក់ គ្នាទៅវិញទៅមក ក្រោយពេលសមត្ថកិច្ចធ្វើការសម្របសម្រួល រួចក៏បានឲ្យថៅកែរោងចក្រធ្វើកិច្ចសន្យាជាមួយកម្មករ និងបើកប្រាក់ខែឲ្យកម្មករនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ ៕ សួង សាម