នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ប្រភពព័ត៌មានបាងកកប៉ុស្តិ៍បានផ្សាយថា មជ្ឈមណ្ឌលរដ្ឋបាលដោះស្រាយស្ថានភាពកូវីដ១៩ (CCSA)របស់ប្រទេសថៃ បានសម្រេចប្រកាសពន្យារពេលបន្ថែមទៀត ការអនុវត្តក្រឹត្យដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន ខណៈដែលក្រឹត្យនេះ ជិតអស់សុពលភាពនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។
រហូតមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ ១៩ សរុប ចំនួន ២ ៩៣១ នាក់ ក្នុងនោះបាត់បង់ជីវិត ៥២នាក់ និង ២ ៦០៩ នាក់បានជាសះស្បើយ ។ នេះបើតាមប្រភព wikipedia ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យរបស់ CCSA បានថ្លែងកាលពីថ្ងៃទី២៧ ខែមេសា ថា ក្រឹត្យគ្រាអាសន្ននេះ បន្តអនុវត្តរហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២០ ។
ហេតុផលនៅក្នុងការពន្យារពេលនេះ ដោយសារតែមានការពាក់ព័ន្ធជាមួយការវិលត្រឡប់របស់វីរុសកូវីដ១៩ ហើយមជ្ឈមណ្ឌល CCSA បាននិងកំពុងប្រយុទ្ធប្រឆាំងដើម្បីបញ្ឈប់ការឆ្លងរាតត្បាតកុំឲ្យធ្ងន់ធ្ងរបន្ថែមទៀត ។
គួរបញ្ជាក់ថា ក្រឹត្យគ្រាអាសន្ននេះ បានន័យថា គឺជាការដាក់បម្រាមគោចរចាប់ពីម៉ោង១០យប់ រហូតដល់ម៉ោង៤ទៀបភ្លឺ គឺនៅតែបន្តអនុវត្តដដែល ។ គ្មានការប្រមូលផ្តុំសង្គមត្រូវបានអនុញ្ញាត ហើយនិងការកម្រិតទៅលើការធ្វើដំណើរផ្សេងដទៃថែមទៀត ។
អ្នកនាំពាក្យTaweesilpបានបញ្ជាក់ថា ក្រោយកិច្ចប្រជុំដែលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ធ្វើជាអធិបតីនោះ ភាគីទាំងអស់ក៏បានពិភាក្សាអំពីផលប៉ះពាល់បណ្តាលមកពីការអនុវត្តក្រឹត្យគ្រាអាសន្ននេះផងដែរ ។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសថៃ បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា តាមការស្ទង់មតិសាធារណៈ ការបន្ថែមអនុវត្តក្រឹត្យគ្រាអាសន្ននេះ គឺនៅតែបន្តទៅមុខទៀត ៕ ប្រែសម្រួលដោយ៖ thachyat