ភ្នំពេញ៖ គម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញ នៅក្នុងតំបន់វត្តភ្នំ និងទួលគោក ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន រំពឹងថា នឹងបញ្ចប់នៅក្នុងឆ្នាំ២០២១ ដែលធ្វើឲ្យរាជធានីភ្នំពេញចាកផុតពីភាពលិចលង់ដោយជំនន់ទឹកភ្លៀង។ នេះបើយោងតាមការអះអាងថា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែងតាមរយៈសារជាវីដេអូមួយថា នៅតំបន់វត្តភ្នំក្រុមការងាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងសាលារាជធានីភ្នំពេញកំពុងជីកដាក់លូជម្រៅ ៧ម៉ែត្រ ហើយគម្រោងការពារទឹកជំនន់នៅតំបន់ទួលគោក ក៏កំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរ។ គម្រោងការពារទឹកជំនន់នៅតំបន់វត្តភ្នំ និងទួលគោកឥឡូវនេះកំពុងដំណើរការ ហើយកំពុងបង្កផលវិបាកដល់ប្រជាពលរដ្ឋចំពោះការធ្វើចរាចរ ដោយសារតែការបិទផ្លូវ ដែលបញ្ហានេះស្ថានទូតជប៉ុនសុំការយោគយល់ផង។
គួរបញ្ជាក់ថា គម្រោងការពារ និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៤ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។ ខណៈគម្រោងនេះមានទាំងការដាក់បណ្តាញលូមេ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក និងការតម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹក នៃស្ថានីយ៍បូមទឹក ជាដើម៕ ដោយ៖ តារា